សណ្ឋាគារលំដាប់ផ្កាយ៥ ត្រូវបានបើកសម្ពោធជាផ្លូវការ


ខេត្តសៀមរាប ៖ សណ្ឋាគារ និង រមណីយដ្ឋានសុខា សៀមរាប លំដាប់ផ្កាយ៥ ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីព្រឹក ថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

តាមរបាយការណ៍របស់តំណាងក្រុមហ៊ុនសណ្ឋាគារសុខាសៀមរាបបានឲ្យដឹងថា សណ្ឋាគារសុខាសៀមរាបនេះ មានបន្ទប់ចំនួន ១ពាន់២៣៦បន្ទប់ ដែលមានបុគ្គលិកបម្រើការងារចំនួន ៦២៨នាក់ និង មានភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ​ចំនួន២ ព្រមទាំងមានទីតាំងសេវាកម្មម៉ាស្សា និង ស៉្បា ២កន្លែង និង សាលសន្និសីទដ៏ធំមួយ ដែលផ្ទុកមនុស្សបាន ៣ពាន់នាក់ ហើយសំណង់អគារសាងសង់ទៅតាមរចនាបទខ្មែរទៀតផង ។

មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា   នេះគឺជា សមទ្ធិផលថ្មីមួយនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក្នុងការបម្រើវិស័យទេសចរណ៍ ក្រោមការអ្នកវិនិយោគទុន ក្នុងស្រុក  ដើមី្បបំពេញនូវតម្រូវការចាំបាច់លើហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ នៅខេត្តសៀមរាប   ក្នុងការបម្រើ សេវាកម្មដល់ភ្ញៀវទេសចរ ដែលបានចូលមកទស្សនាកម្សាន្ត។ សម្តេចក៏បានលើកផងដែរថា វិស័យទេសចរ គឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិដ៏សំខាន់ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និង បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ។  សម្តេចក៏បានគូសបញ្ជាក់ទៀតថា  វិស័យទេចរណ៍នេះ   បានផ្តល់  ឱកាសដល់ប្រជាកសិករ ក្នុងការទាញយកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារ តាមរយៈលើការផលិតបន្លែបង្ការ និង ចិញ្ចឹមសត្វ ក្នុងការផ្គត់ផ្គង់នៅតាមទីផ្សារ​ សណ្ឋាគារ ភោជនីយដ្ឋានជាដើម និង ផលិតផលសិប្បកម្ម ដែលកើតឡើងពីស្នាដៃរបស់ កូនខ្មែរ ក្នុងការបម្រើវិស័យទេសចរណ៍  ។  សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ដែរ​ថា តាមរយៈ​ចំនួន​អ្នក​ទេសចរណ៍​នេះ ​គឺ​បានរួម​ចំណែក​ខ្លាំង​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​​របស់​ប្រជាពលរដ្ឋ ព្រោះថា អ្នក​ទេសចរណ៍​បាន​ហូបចុក​ច្រើន ដែលជា​ការផ្តល់​ចំណែក​ទីផ្សារ​ដ៏​ធំ​សម្រាប់​កសិផល​របស់​ខ្មែរ​ ។​​ ​សម្ដេច​ក៏បាន ​អំពាវនាវ ចំពោះ​ការផ្គត់ផ្គង់​កសិផល​ទៅតាម​ទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន និង​តាម​កន្លែង​ទេសចរណ៍​គឺជា​ចរន្ត​ផ្គត់ផ្គង់​កសិផល​នៅនឹងកន្លែង ​។ សម្តេច​តេ​ជោ ឲ្យ​បំផុស​កសិករ​ធ្វើ​ការដាំដុះ និង​ជម្រុញ​ការនាំ​ចូលទៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាដើម្បី​ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ទេសចរណ៍  និង សុំ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការទិញ​បន្លែបង្កា​មាន​ជាតិគីមី​ដើម្បី​បញ្ចប់​ការ​នាំចូល​បន្លែបង្កា​មាន​ជាតិគីមី ហើយ​មុននឹង​ទិញ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ​។​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​បង្កើន​សុវត្ថិភាព​ចំណីអាហារ  ដោយ​មិនត្រូវ​បណ្តោយ​ឲ្យ​ភ្ញៀវ​បរិភោគ​ចំណីអាហារគ្មានសុវត្ថិភាពនោះទេ​ ។​     សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្ដាំ​ដល់​អ្នក​បម្រើសេវា​ទេសចរ និង ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ទាក់ទាញ​ទឹកចិត្ត​ភ្ញៀវ​ទេសចរណ៍ ដោយ​ឲ្យ​ពួកគេ​មកលេង​ហើយ​ចង់​ត្រឡប់​មកលេង​​ម្តងទៀត  និង ​ថែមទាំង​នាំ​ក្រុមគ្រួសារ ឬញ្ញាត​មិត្ត​របស់​ពួកគេ​មកជា​មួយ​ ដោយ​មិនត្រូវ​ឲ្យ​គេ​មកហើយ​លែង​ចង់​មកទៀត​​នោះទេ​ ។  ម៉្យាងទៀតវិធី​ដែល​ល្អ​ជាងគេ​នៅក្នុង​ការឃោសនា គឺ​ទេសចរ​មក​ម្នាក់​ឲ្យ​គេ​​ត្រឡប់មកវិញ  ហើយ​ដោយ​នាំមក​ជាមួយ​នូវ​ក្រុមគ្រួសារ​របស់​ពួកគេ និង​មិត្តភក្ដិ​របស់គេ​​នេះ  ​គឺជា​ចំណុច​ដ៏សំខាន់ ​កុំ​ឲ្យ​គេ​ត្រឡប់​ទៅវិញ ហើយ​ថា ​កុំទៅ​ស្រុក​ខ្មែរ ពិបាក​ណាស់ វេទនាណាស់នោះទេ  នៅពេល​គេ​មកហើយ គេ​ត្រឡប់​ទៅវិញ គេ​ប្រាប់ថា​គួរ​ទៅ​មើល​អង្គរ ឬ ​ទៅ​តំបន់​ផ្សេងៗនៅក្នុង​ប្រទេស​កម្ពុជា ។  ក្នុងនោះដែរសម្តេច​ក៏បាន​សង្កត់ធ្ងន់​ ឲ្យ​អាជ្ញាធរដែនដី ត្រូវ​យកចិត្តទុកដាក់​បន្ត ធានា​ឲ្យ​បាន​នូវ​សន្តិសុខ និង​ សន្តិភាព​ ដោយខេត្តសៀមរាបជាគោលដៅ នៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ តែបើយើង​គ្មាន​សន្តិសុខ ឬ​មានការ​វាយប្រហារ​ដោយ​ភេរវកម្ម​ណាមួយ​កើតឡើង ​វិស័យ​ទេសចរណ៍​នឹងរង​ផលប៉ះពាល់​ផងដែរ ។  ដូច្នេះ​ការយកចិត្តទុកដាក់​លើ​សន្តិសុខ និង​សណ្តាប់ធ្នាប់ គឺជា​កត្តា​សំខាន់​សម្រាប់​ទាក់ទាញ​អ្នកទេសចរ  ​ ហើយក៏គ្មាន​ការអភិវឌ្ឍន៍​ណាមួយ​ធ្វើ​​ឡើង​ក្រោម​គ្រាប់បែក គ្រាប់កាំភ្លើង​នោះទេ ​។​  សម្តេច​បាន​បន្ថែមថា ទន្ទឹម​បញ្ហា​សន្តិសុខ​ដែលជា បញ្ហា​ធំ ក៏ត្រូវ​ផ្តល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង ​អ្នកទេសចរ​ណ៍ហើយ​តំបន់​ទេសចរណ៍ ​​កុំ​ឲ្យ​មាន​បងតូច បងធំ មាន​គ្រឿងញៀន និង​ ចោរឆក់ជាដើម​ ។​ សម្តេច​តេ​ជោ​ក៏បានជម្រុញ​ឲ្យ មានការ​យកចិត្តទុកដាក់​ក្នុងការ​ផ្ដល់​ទិ​ដ្ឋ​ការ​ដល់​ភ្ញៀវទេសចរ​  និង បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​​ទាំងអស់​នៅតាមអាកាសយានដ្ឋាន​របស់​កម្ពុជា ត្រូវ​សម្រួល​ ដល់​ការផ្តល់​ទិដ្ឋាការ​ឲ្យ​ជនបរទេស​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​មាន​ភាពងាយស្រួលផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2732 2733 2734 2735 2736 2737 2738 2739 2740 2741 2742 2743 2744 2745 2746 2747 2748 2749 2750 2751