ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប មានធ្វើកិច្ចប្រជុំ ស្តីពីការត្រៀមស្វាគមន៍ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្ពុជា អន្តរជាតិ ឆ្នាំ២០១៧ លើកទី១នៅខេត្តសៀមរាប ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវជារដ្ឋលេខាធិការ អគ្គនាយដ្ឋាន លោក លោកស្រីជា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អគ្គនាយកក្រុមហ៊ុន និង បងប្អូនជាប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តចូលរួមផងដែរ ។
បន្ទាប់ពីប្រសាសន៍បើកកិច្ចប្រជុំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ដោយបានធ្វើការបញ្ជាក់អំពីគោល បំណងក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្ពុជា អន្តរជាតិ ឆ្នាំ២០១៧ នៅលើទឹកដីប្រវត្តិសាស្ត្រ សៀមរាប ដែលជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក និង ធ្វើការបង្ហាញអំពីសមទ្ធិផល ក្នុងការ ផលិតដោយផ្ទាល់ដៃរបស់ប្រជាកសិករ និង សិប្បករខ្មែរយើង អំពីភូមិមួយផលិតផលមួយ ជូនភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ បានចូលមកទស្សនា ។ ការជួបជុំគ្នាពេលនេះ និង ទទួលបានការគាំទ្រយ៉ាងសំខាន់ ក្នុងការ ជម្រុញឲ្យមានការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្ពុជា អន្តរជាតិ ឆ្នាំ២០១៧ ។
ក្នុងនោះដែរឯកឧត្តម សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ស្តីពីវឌ្ឍភាពនៃដំណើរការ រៀបចំព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្ពុជា អន្តរជាតិ CTM២០១៧ ព្រមទាំងរបាយការណ៍របស់អគ្គនាយក ក្រុមហ៊ុន Slick Booth Holding Co.,Ltd ដោយបានធ្វើការបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ កម្ពុជា អន្តរជាតិ ឆ្នាំ២០១៧ នឹងមានភ្ញៀវមកពីបណ្តាប្រទេសនៅលើពិភពលោកចូលរួម ហើយក៏យើងទាមទារ ដល់សមាគមន៍ពាក់ព័ន្ធនានាចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីជាច្រើន ដើមី្បឲ្យកិច្ចការនេះប្រព្រឹត្តទៅដោយរលូន និង អធិកអាធមទៀតផង ។ ក្នុងនោះក៏មានរៀបចំនូវស្តង់ពិព័រណ៌ បង្ហាញពីសមទ្ធិផលទេសចរណ៍ ផ្នែកសណ្ឋាគារ ផ្នែកទីភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន និង សេវាផ្សេងៗ ទៀតដាក់បង្ហាញជូនភ្ញៀវទស្សនា ដោយមានក្រុមហ៊ុនលី្បៗនៅលើពិភពលោក ចំនួន២០០ចូលរួម ដែលមាន អ្នកលក់ចំនួនស្តង់សរុប២១២ស្តង់ ក្នុងការបង្ហាញផលិតផលក្នុងស្រុក និង ក្នុងតំបន់អាស៊ានចូលរួម ដែលមាន ទីតាំងនៅសណ្ឋាគារសុខាសៀមរាប ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏បានធ្វើការគូសបញ្ជាក់ថា ដើមី្បឲ្យវិស័យទេចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប មានការរីកចម្រើននោះ អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍន៍ទីក្រុងទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ឲ្យកាន់តែមានការកែប្រែមុខមាត់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះអាជ្ញាធរខេត្ត ផ្តោត ជាសំខាន់លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និង បរិស្ថាន ។ ម៉្យាងទៀតវិស័យទេសចរណ៍ យើងរីកចម្រើនទៅបាន ក៏អាស្រ័យដោយកត្តាសន្តិភាព និង សន្តិសុខ ដែលធ្វើឲ្យយើងគ្រប់គ្នាប្រកបរបរទទួល ទាន ក្នុងវិស័យទេចរណ៍មកដល់បច្ចុប្បន្ននេះ ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រតិបត្តិករសេវាទេសចរណ៍ទាំងអស់ ដែលតែងតែបានចូលរួមកន្លងមក ក្នុងការផ្លាស់ប្តូរមតិគំនិតនឹងគ្នា សំដៅធ្វើឲ្យក្រុងប្រវត្តិសាស្ត្រទេសចរណ៍មួយនេះ មានការអភិវឌ្ឍន៍ ក្លាយជាក្រុងស្រស់ស្អាត ប្រកបទៅដោយបរិស្ថាន បៃតង ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបញ្ជាក់ថា នេះគឺជាឱកាសមាសសម្រាប់យើងទាំងអស់គ្នា សំខាន់អស់លោក លោកស្រីជាម្ចាស់ក្រុមហ៊ុនដែលមិនទាន់បានចុះឈ្មោះ ដើមី្បជួបជាមួយដៃគូសំខាន់ៗមកពីបណ្តាប្រទេសនៅលើពិភពលោកផងដែរ ។ ក្នុងនោះ ឯកឧត្តមក៏បានសង្កត់ធ្ងន់ ចំពោះប្រតិបត្តិករទាំងឡាយណា ដែលបានធ្វើឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរនោះ ក៏ដូចជាការបំបិទនូវសេដ្ឋកិច្ចរបស់ខ្លួន ។ ឯកឧត្តមក៏បានលើកផងដែរ ចំពោះការត្រៀមស្វាគមន៍ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្ពុជា អន្តរជាតិ ឆ្នាំ២០១៧ លើកទី១នៅខេត្តសៀមរាប ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នឹង ផ្តល់នូវអត្ថប្រយោជន៍បងប្អូនប្រតិបត្តិ ករលើវិស័យទេសចរណ៍ទាំងអស់ រួមទាំងសហគមន៍ទៀតផង ។ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានធ្វើការ បកនូវរាល់សំណួរដែល បងប្អូនប្រតិបត្តិករបានលើកឡើង ក្នុងវិស័យទេសចរនៅខេត្តសៀមរាប ដោយកចិត្តទុក ដាក់លើអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ដែលជាភារកិច្ចយើងរួមសហការទាំងអស់គ្នា ។ ឯកឧត្តមបន្តទៀតថា ទាក់ទងនឹងវិស័យទេសចរណ៍ យើងទាមទារឲ្យមានការចូលរួមចាំបាច់ ពីវិស័យឯកជន សំខាន់លើការគាំទ្រ ពី អាជ្ញាធរដែនដី នឹងផ្នែកពាក់ព័ន្ធទាំងអស់ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ស្តង់ពិព័រណ៌នេះ គឺត្រូវការដាក់ បង្ហាញនូវផលិតផលប្រើប្រាស់នៅក្នុងសហគមន៍ ដែលផលិតដោយប្រជាកសិករ និង សិប្បករខ្មែរយើង ប្រកប ទៅដោយគ្មានសារធាតុគីមីឡើយ ក្នុងគោលដៅធានាដល់សុខសុវត្ថិភាព លើចំណីអាហារ នៃភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ ចំពោះបងប្អូនជាប្រតិបត្តិករ និង ម្ចាស់ក្រុមហ៊ុនទាំង អស់ និង ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្ពុជា អន្តរជាតិ ឆ្នាំ២០១៧ ឲ្យដំណើរការទៅប្រកបដោយ ជោគជ័យទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប