ខេត្តសៀមរាប ៖ ចាប់ពីថ្ងៃទី១ ទី២ ខែតុលា ឆ្នាំ២០១៧ ខេត្តសៀមរាបបានទទួលរងនូវសម្ពាធទាប ដែលធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងរយៈពេលពីររាត្រី បានធ្វើឲ្យតំបន់មួយចំនួន នៅក្នុងក្រុងសៀមរាប និង ស្រុកពួក ស្រុកប្រាសាទបាគង រងការលិចលង់ លំនៅដ្ឋាន ផលដំណាំជាដើម ។ បញ្ហាទាំងនេះក៏ដោយសារប្រភពទឹកហូរធ្លាក់មកពីតំបន់ផ្នែកខាងលើ ខាងលើក្រុង សំខាន់តំបន់ភ្នំគូលែន និង ប្រភពទឹកភ្លៀងខ្លាំងរយៈពេលជាច្រើនម៉ោង ក្នុងពីររាត្រី បានបណ្តាលឲ្យតំបន់មួយចំនួនទទួលការជន់លិចដោយសារជំនន់ទឹកភ្លៀង ។
ដោយស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ននោះ នៅព្រឹកថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានដាក់នូវបទបញ្ជា និង វិធានបន្ទាន់ដល់មន្ទីរពាក់ព័ន្ធរួមទាំងអាជ្ញាធរ ក្រុង សៀមរាប និង សហការជាមួយអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត ក្នុងការចុះធ្វើអន្តរាគមន៍ រំដោះ ឬ បញ្ចៀសទឹកចេញពីក្រុង ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះសុខភាព និង កុមារ តូចៗផងដែរ ។
ដោយសារភ្លៀងធ្លាក់យ៉ាងគំហុកពីររាត្រីផ្ទួនៗ បានបណ្តាលឲ្យមានការលិចផ្លូវ ស្ទះប្រព័ន្ធលូមួយចំនួនក្នុងក្រុងសៀមរាប ស្ទះនូចរន្តទឹកហូរមិនទាន់ បានបង្កឲ្យប៉ះពាល់ដល់ភូមិដ្ឋានប្រជាពលរដ្ឋមួយចំនួនផងដែរ ។ ដោយសារតែភ្លៀងខ្លាំងខុសពីប្រក្រតីនេះធ្វើឲ្យទឹកហូរចូលលំនៅដ្ឋាន សណ្ឋាគារ និង ភោជនីយដ្ឋាន ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវ ទេសចរណ៍ផងដែរ ។ ម៉្យាងទៀតការលិចលង់ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ក៏បណ្តាលមកពីបងប្អូនប្រជាពលរដ្ឋ បានធ្វើការចាក់ដី នៅតាមតំបន់ស្ទុបទឹក រំលោភយកដីប្រឡាយ និងចាក់ដីបិទផ្លូវទឹកហូរ ដោយមិនដាក់លូ និងការដាក់ លូមិនស្របតាមការណែនាំរបស់មន្ទីរជំនាញ ព្រមទាំងយកសម្រាមទៅ ចាក់ចូលក្នុងលូ ដែលធ្វើឲ្យស្ទះចរន្តទឹកហូរ ផងដែរ ។ តាមការបញ្ជាក់របស់លោកប្រធានមន្ទីរ ធនធានទឹក និង ឧតុនិយមខេត្តបានឲ្យដឹងថា កំពស់ទឹកភ្លៀងធ្លាក់ ក្នុងរយៈពេល២ថ្ងៃនេះ មានកម្ពស់២០០ម.ម ។
ក្នុងកិច្ចចុះអន្តរាគមន៍ ក្នុងការរំដោះ និង បញ្ជៀសទឹកចេញពីក្រុង មន្ត្រីអង្គភាពមន្ទីរជំនាញ និងមន្ត្រីមូលដ្ឋានធ្វើការពិនិត្យនឹងបារសម្រាមដែលរសាត់មកបិតផ្លូវចរន្តទឹកហូរចូលលូរំដោះទឹកនៅចំណុច ៦០ម៉ែត្រ កែងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយនៅសង្កាត់សាលាកំរើក មន្ត្រីមូលដ្ឋានបានធ្វើការសហការណ៍គ្នា កាយដីបើកផ្លូវទឹកហូរចូលលូរំដោះទឹកផងដែរ ។ គិតមកដល់រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត រួមនឹងអាជ្ញាធរ ជាតិអប្សរា បានប្រើគ្រឿងចក្រ ជីកកាយបើកមុខទឹកបង្វែរ និង រំដោះទឹកមិនឲ្យហូរចូលក្រុង បានចំនួន៦គោលដៅ សំខាន់ៗ ដែលធើ្វឲ្យស្ថានភាពទឹកហូរស្រុងស្រកចុះជាបន្តបន្ទាប់ផងដែរ ។
ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីររាត្រីមកនេះ ខេត្តសៀមរាបបានរង សម្ពាធទាប បណ្តាឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាឲ្យតំបន់មួយចំនួនក្នុងក្រុង និង ស្រុកពីររងការលិចលង់ ដោយ ជំនន់ទឹកភ្លៀង ។ លោកបានបន្តទៀតថា បញ្ហាធ្វើឲ្យប្រព័ន្ធផ្លូវទឹកហូរមិនទាន់ គឺបណ្តាមកពីប្រជាពលរដ្ឋយើងមួយចំនួន បានចាក់ដីបិទមុខទឹក និង ការដាក់ប្រព័ន្ធលូក្រោមដីមិនត្រូវតាមស្តង់ដារ ការយកសម្រាមទៅចាក់ចូលក្នុងលូ ដែល បណ្តាលឲ្យស្ទះចរន្តទឹកហូរមិនទាន់ ។ ម៉្យាងទៀតប្រព័ន្ធប្រឡាយមួយចំនួន ដែលខ្វះការថែទាំរបស់អាជ្ញាធរមូលដ្ឋាន និង គ្មានការចូលរួមពីប្រជាពលរដ្ឋ បានធ្វើឲ្យដី និង សម្រាមហូរចូលប្រឡាយ ព្រមទាំងពុំដែលបានធ្វើការស្តារ ឬ កាប់ ស្មៅដុះក្នុងប្រឡាយ ក៏ជាបញ្ហាមិនឲ្យចរន្តទឹកហូរពុំទាន់ផងដែរ ។ ក្នុងនាមជាអាជ្ញាធរខេត្ត សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រាល់ការចាក់ដីក្នុងភូមិដ្ឋាន ដើមី្បបញ្ជៀសការលិចលង់នេះបាន គឺត្រូវទាមទារពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការគោរពតាមការណែនាំ របស់អាជ្ញាធរ និង អង្គភាពជំនាញ ពីការរៀបចំដាក់នូវប្រព័ន្ធលូក្រោមដី ឲ្យត្រូវទៅតាមស្តង់ដារ បច្ចេកទេស ដែលខេត្តបានកំណត់កន្លងមក ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប