វប្បធម៌ ប្រពៃណី ជាយន្តការទាក់ទាញនូវភ្ញៀវទេសចរណ៍ដ៏សំខាន់


ខេត្តសៀមរាប ៖ ដើមី្បបម្រើនូវភាពសប្បាយរីករាយ និង ការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ក្រៅពីការមកទស្សនាប្រាង្គ ប្រាសាទ និង រមណីដ្ឋានធម្មជាតិផងនោះ ហើយក៏ជាការអបអរសាទរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាពេលខាងមុខនេះ សហគមទេសចរណ៍បន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរួមសហការគ្នារៀបចំធ្វើការប្រកួតទូក នៅទំបន់បឹងឈូក ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ក្នុងគោលបំណង ធ្វើការបង្ហាញជូនដល់ភ្ញៀវទេសចរណ៍  បានទស្សនាកម្សាន្ត អំពីវប្បធម៌  ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ក៏ជាការរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។ ម៉្យាងទៀតក៏បានបង្ហាញ អំពីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេ ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស និង មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យ ទីតាំងនៃការប្រណាំងទូកនេះ ដែលជាសមរភូមិក្តៅនាសម័យសង្គ្រាម បានប្រែក្លាយជាទីកន្លែងសប្បាយរបស់ បង ប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រី ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។

ថ្លែងក្នុងឱកាសបើកការប្រកួតទូក នារសៀលថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០១៧ លោក ថាប់ សារ៉ន ប្រធាន ក្រុមប្រឹក្សាស្រុកបន្ទាយស្រី ក៏បានគូសបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលសហគមទេសចរណ៍បន្ទាយស្រី បានរួមសហការគ្នា ជាមួយសហគមផ្ទះសំណាក់  សហគមឈើហូបផ្លែ បន្លែ ស្ករត្នោត និង នំបញ្ចុក បានបង្កើតឲ្យ មានព្រឹត្តិការណ៍នេះឡើង ។  ពិធីនេះក៏បង្ហាញនៅចំពោះសាធារណមតិជាតិ អន្តរជាតិ  អំពីភាពសម្បូរបែបលើ     វិស័យវប្បធម៌  អរីយធម៌ របស់ខ្មែរ និងឆ្លុះបញ្ចាំងឲ្យឃើញកម្ពុជា កំពុងស្ថិតក្នុងសុខសន្តិភាព សុខដុមរមនា ពេញលេញទូទាំងប្រទេស ។  លោកក៏បានឲ្យដឹងផងដែរថា ទោះបីការរៀបចំប្រណាំងទូកនេះ មិនបានត្រឹមត្រូវទៅ តាមខ្នាតទូកអន្តរជាតិក៏ពិតមែន តែក៏ជាសកម្មភាពចូលរួមរបស់បងប្អូន ក្នុងការថែរក្សានូវវប្បធម៌ ប្រពៃណីខ្មែរ យើង ដែលមានចារិកទុកនៅតាមជញ្ជាំងប្រាសាទបាយ័ន និង បន្ទាយឆ្មា ហើយក៏បង្ហាញពីការសាមគ្គីភាពរបស់ ប្រជាពលរដ្ឋ និងការបង្កើននូវភាពជិតស្និតនឹងគ្នា ព្រមទាំងបង្កនូវភាពសប្បាយ រីករាយជូនដល់ប្រជាជន និង  ភ្ញៀវ ទេសចរណ៍ ក្រៅពីការទស្សនាប្រាសាទបន្ទាយស្រី រមណីយដ្ឋានធម្មជាតិក្បាលស្ពាន និង ភ្នំគូលែន ។ លោកបាន បន្តទៀតថា ទាក់ទិនទៅនឹងប្រវត្តិព្រះរាជពិធីបុណ្យអ៊ុំទូក  បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺដើមី្បរំលឹកទៅដល់គុណព្រះគង្គារ ដែលបានផ្តល់ដល់មនុស្សសត្វ រុក្ខជាតិទាំងឡាយ ឲ្យបានរស់រានមានជីវិត សំខាន់លើការស្រោចស្រពភោគផលដំណាំ ចិញ្ចឹមជីវិតយើសព្វថ្ងៃនេះ ។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការអុំប្រណាំងទូក បានឲ្យដឹងថា ការប្រណាំងទូកនេះ គឺមានការ ចូលរួមពីគ្រប់សហគមក្នុងស្រុកបន្ទាយស្រី តែដោយកង្វះខាតនៃទូក ការប្រកួតនេះក៏ត្រូវបានធ្វើការផ្លាស់ប្តូរក្រុម កីឡាករ ហើយទូកដែលធ្វើការប្រណាំងនេះ ក៏មិនត្រូវទៅតាមស្តង់ដាររបស់គណៈកម្មាធិការជាតិអូឡាំពិចឡើយ តែនេះជាការបង្កនូវភាពសប្បាយជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ។ ម៉្យាងទៀតទីតាំងប្រណាំងទូកនេះ ក៏មានភាពពិបាក សម្រាប់ទស្សនិជនទស្សនាទៀតផង  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

114 115 116 117 118 119 120 121 122