បណ្តុះមនសិការឲ្យចេះស្រឡាញ់អនាម័យ និង បរិស្ថាន


ខេត្តសៀមរាប ៖ ឆ្លងតាមការប្រកួតប្រណាំងទូក នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេល០២ថ្ងៃ ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ លោក សូរ ប្លាតុង អនុប្រធានគណៈកម្មការអនាម័យ បរិស្ថាន បានដឹកនាំកម្លាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស  គរុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណជាង៥០០ នាក់ ចូលរួមធ្វើការសម្អាតអនាម័យ បរិស្ថាន នៅតាមដងស្ទឹង និង ទីសាធារណៈក្រោយពីបញ្ចប់ពិធីបុណ្យអ៊ុំទូក  បណ្តែត ប្រទីប និង សំពះព្រះខែ អកអំបុក នៅលើទីកដីប្រវត្តិសាស្ត្រអង្គរ ក្នុងនោះដែរក៏មានវត្តមានរបស់អស់លោកលោកស្រីជា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមផងដែរ ។

តាមការបញ្ជាក់របស់លោក សូរ ប្លាតុង បានឲ្យដឹងថា យុទ្ធនាអនាម័យ សម្អាតបរិស្ថាន ដែលយើងគិតថា ជាកាត្វកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់ៗរូប សំខាន់សម្រាប់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ត្រូវតែជាជនគំរូ ក្នុងបញ្ហានេះ  ហើយក្នុងនេះដែរ  ដោយខេត្តសៀមរាប គឺជាខេត្តគោលដៅនៃការត្រៀមខ្លួន ចូលរួមប្រកួតប្រជែងទីក្រុងស្អាតកម្រឹតអាស៊ាន ហើយក៏ជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្តផងដែរ ។ លោកបានលើកឡើងថា  ការចូលរួមក្នុងយុទ្ធនាការនេះ ក្រោយពីការរៀបចំព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងក្រុងសៀមរាប គឺស្ថិតក្នុងគោលបំណង ដើម្បីជម្រុញ ឲ្យបរិស្ថានអនាម័យកាន់តែប្រសើរ សោភ័ណភាពកាន់ស្រស់បំព្រងថែមទៀត ជាទីក្រុងគ្មានសម្រាម និង គ្មានថង់ប្លាស្ទីច ហោះហើរតាមផ្លូវ ។ ​លោកក៏បានលើកឡើងផងដែរថា កំទេចសម្រាមដែលវាធ្លាក់ចូលក្នុងកែវភ្នែករបស់យើង បង្ករឲ្យមានការឈឺចាប់យ៉ាងណា ចុះសម្រាមដែលបង្ករភាពកខ្វក់នៅក្នុងទីក្រុងប្រវត្តិសាស្ត្រនៃយើង  វាក៏បានបង្កឲ្យមានការឈឺចាប់សម្រាប់សង្គមជាតិយ៉ាងដូច្នោះដែរ  ព្រោះថា ភាពកខ្វក់ គ្មានអនាម័យ វាជាស្ថានភាពគួរឲ្យខ្លាច នៅលើពិពភលោកយើងនេះ ។ លោក សូរ ប្លាតុង ក៏បានមានប្រសាសន៍បន្តថា យុទ្ធនាការពេលនេះ ដែលមានមនុស្សចូលរួមប្រមាណជាង ៥០០នាក់ គឺ វាពិតណាស់ថា ចំនួនកម្លាំងមនុស្សទាំងនេះ  រើសសម្រាមមួយព្រឹកក្នុង១ឆ្នាំម្តង  មិនអាចធ្វើឲ្យទីក្រុងសៀមរាបស្អាតរហូតបានទេ  តែយើងរើសសម្រាមក្នុងយុទ្ធនាការនេះ  គឺដើម្បីលាងបេះដូងទាំងខ្លួនយើង ទាំងអ្នកនៅជុំវិញខ្លួនយើង ឲ្យទទួលយកដោយការពេញចិត្តនូវសេចក្តីស្រឡាញ់ ថែរក្សា សម្អាតបរិស្ថាន ជាប្រចាំថ្ងៃ  កសាងទីក្រុងបៃតង ចៀសវាងឲ្យបាននូវការធ្វើឲ្យមានផលនៃការជះឥទ្ធិពលជាអវិជ្ជមាន ដល់ការអភិវឌ្ឍប្រកបដោយចិរភាព ក៏ដូចជាការធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ  ។

ក្នុងនោះកម្លាំងទាំងអស់ក៏បានធ្វើការបែងចែក ទៅតាមគោលដៅ ក្នុងការរើសសំអាតសម្រាមនៅបរិវេណ សួនច្បារមុខមហាសណ្ឋាគារអង្គរ ព្រះអង្គចេកព្រះអង្គរចម  តាមដងផ្លូវ សង្ខាងមាត់ស្ទឹងនៃវេទិកាព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក  ។ ក្នុងនោះដែរក៏មានការប្រើប្រាស់ទូកម៉ាស៊ីន ធ្វើការរើស និង ស្រងសម្រាមនៅក្នុងទឹកស្ទឹង ចំនួន៣គ្រឿង រថយន្តដឹកសម្រាម ចំនួន២គ្រឿងផងដែរ ៕ អត្ថបទ សុខារិទ្ធ

123 124 125 126 127 128