វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាស្រុកស្រីស្នំ នាព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ មានបើកវគ្ពបណ្តុះបណ្តាលពង្រឹង សមត្ថភាព អំពីការអនុវត្តតួនាទី ភារកិច្ច និង ច្បាប់ពាក់ព័ន្ធ ដល់ថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ក្រោមអធិបតីភាពរបស់ លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹក នាំមន្ទីរ អង្គភាពមានការពាក់ព័ន្ធ អង្គការដៃគូ និង អាជ្ញាធរស្រុក មន្ត្រី មេឃុំ រួមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជាសិក្ខាកាម  ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ច និង យន្តការគាំទ្រ នៅថ្នាក់ជាតិ និង ក្រោមជាតិ ព្រមទាំងពង្រឹងសមត្ថភាព និង កិច្ចសហការរវាងស្ថាប័ន និង ដៃគូពាក់ព័ន្ធ លើការ អនុវត្តច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទជាដើម ។

ក្នុងកិច្ចស្វាគមន៍របស់លោក នាក់ ណេរ៉ុន អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ  ក៏បានបញ្ជាក់ថា ចំពោះ ប្រជាពលរដ្ឋនៅក្នុងស្រុង សំខាន់មនុស្សដែលពេញកម្លាំង បានធ្វើចំណាកស្រុកទៅធ្វើពលកម្មនៅក្រៅស្រុក មួយ ចំនួនទៅដោយស្របច្បាប់ មួយចំនួនទៅដោយខុសច្បាប់ ដែលងាយរងគ្រោះនូវការជួញដូរមនុស្ស ដែលជាការព្រួយ បារម្ភរបស់អាជ្ញាធរផងដែរ ។

មានប្រសាសន៍នោះលោកជំទាវ  យូ សុភា បានលើកឡើង ពីការអភិវឌ្ឍលើគ្រប់វិស័យ តាមកម្មវិធីនយោ បាយ  យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល   ដោយបានផ្តោតខ្ពស់លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ការធ្វើអាជីវកម្មពលកម្មផ្លូវភេទ លើស្ត្រី  កុមារ និង ជនងាយរងគ្រោះ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍ជាគន្លឹះ សំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ និង ជម្រុញឲ្យគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើ ជួញដូរមនុស្សគ្រប់ថ្នាក់ ខិតខំអនុវត្តច្បាប់ និង សហការកាន់តែខ្លាំងក្លាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ អន្តរជាតិ និង ជម្រុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើមី្បរួមចំណែកលុបបំបាត់អំពើជួញដូរមនុស្សឲ្យបានជា ស្ថាពរ ។   លោកជំទាវ យូ សុភា ក៏បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រាំរ៉ៃ មួយដែលកើតមាននៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ។  ក្នុងចំណោមឧក្រិដ្ឋកម្មដទៃទៀតដែលបាននឹងកំពុង តែធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមនុស្ស និង ប្រទេស ។  ម៉្យាងទៀតប្រជាពលរដ្ឋមួយចំនួនធំ បាននិងកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ នូវអំពើជួញដូរមនុស្ស តាមរយៈការកេងប្រវ័ញ្ចគ្រប់រូបភាព  លើការរំលោភបំពានលើសិទ្ធសេរីភាព កិត្តិយស  ​សេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបំផ្លាញដល់រាងកាយ និង បញ្ញាស្មារតីជនរងគ្រោះ ដែលបញ្ហាទាំងនេះ ធ្វើឲ្យមានវិបត្តិក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការទប់ស្កាត់ និង លុបបំបាត់ទាន់ពេលវេលានោះ  ។  លោកជំទាវ ក៏បានគូសបញ្ជាក់ទៀតថា កិច្ចការទាំងនេះចាំបាច់ទាមទារឲ្យយើងគ្រប់គ្នាត្រូវតែចូលរួម ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដោយ មិនអាចខ្វះមួយណាបានឡើយ ។ ម៉្យាងទៀតគ្រប់បណ្តាក្រុង ស្រុកណាមួយក៏មិនអាចលុបបំបាតុ នូវបទឧក្រិដ្ឋជួញដូរមនុស្សតែឯកបានឡើយ ។  ដើមី្បធ្វើកិច្ចការទាំងនេះបាន គឺទាំមទារឲ្យមាននូវការបណ្តុះបណ្តាលនូវចំណេះដឹងដូចគ្នា ដោយមានឆន្ទះ និង ការប្តេជ្ញាចិត្តខ្ពស់ ​ដើមី្បអនុវត្តភារកិច្ចនេះ ប្រកបទៅដោយការទទួលខុសត្រូវ និង មានកិច្ចសហការល្អ ក្នុងការឆ្ពោះទៅកាន់គោលដៅរួមតែមួយ ដើមី្បសេចក្តីសុខសាន្តរបស់មនុស្សជាតិ ។  លោកជំទាវក៏ បានធ្វើការផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំត្រង់ត្រាប់ស្តាប់ការពន្យល់របស់ គ្រូវឧទ្ទេស និង ចូលរួមផ្លាស់ប្តូរ នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើមី្បទទួលបាននូវចំណេះដឹង យកទៅអនុវត្តបន្ត  ក្នុងការបង្កើនកិច្ចសហការជា មួយអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់    ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប

78 79 80 81