វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៧ គោលដៅទី២


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលាស្រុកអង្គរជុំ ខេត្តសៀមរាប  មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា  អភិបាលរងនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា  ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរ  អង្គភាព តំណាងអង្គការសង្គម ស៊ីវិល​ មាតាបិតាសិស្ស  សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកអង្គរជុំ  ចំនួន ៦៣៦នាក់ចូលរួម ។

វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈម ដែលកើតកន្លងមក ហើយវេទិកានេះ នឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

មានប្រសាសន៍បើកអង្គវេទិកានោះឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  បានគូបញ្ជាក់ នូវគោលបំណងសំខាន់ៗ ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋអំពីសមិទ្ធល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈម  និង អំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ និង ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ក្នុងការផ្តល់យោបល់ ការពិភាក្សាលើខ្លឹមសារ និង របាយការណ៍ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ ប្រជាពលរដ្ឋ ដើមី្បពិនិត្យ ពិភាក្សាដោះស្រាយ និង ជម្រុញឲ្យមានការចូលរួម  និង បង្កើនភាពសិ្នទ្ធ ស្នាលរវាងអ្នកផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ។

ក្នុងសំណួរសំណូមពរ និង ចម្លើយ ដែលសមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅ តាមមូលដ្ឋាន ដោយផ្តោតទៅលើ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី  បញ្ហាអប់រំ បរិស្ថាន និង ព្រៃឈើ ។ ក្នុងនោះក៏មានលើកនូវសំណួរ និង សំណូមពរ ផ្ទាល់មាត់របស់សមាជិកអង្គវេទិកា នូវ១១សំណួរ និង សំណូមពរ ព្រមទាំងសំណួរសរសេរ ១៨ផងដែរ ។

បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ទៅនឹងរាល់សំណួរដែលអង្គវេទិកាលើកឡើង រួចមក មានមតិបូកសរុបនិងបិទអង្គវេទិកានេះ ​ឯកឧត្តមបណ្ឌិត នូ ផល្លា ​ក៏បានធ្វើការថ្លែងអំណរគុណ ដល់បង ប្អូនដែលបាន ចំណាយពេលចូលរួម ក្នុងអង្គទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៧ ដែលបានធ្វើឲ្យយើងបានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។ អង្គវេទិកានេះ ជាសញ្ញាវិជ្ជមាន ថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង កិច្ចពិគ្រោះ យោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា  និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និង បញ្ហាប្រឈម ក្នុងឆ្នាំ២០១៧ និង គម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ។ ឯកឧត្តបណ្ឌិតបានគូសបញ្ជាក់ថា ទាំងនេះជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿន ទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ   នៅតាមសហគមមូលដ្ឋានរបស់យើង ហើយព្រឹត្តិការណ៏នាថ្ងៃនេះ វាក៏ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន ។   ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ។  អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈ មេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕ អត្ថបទ សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260