ពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ប្រតិភូគណៈកម្មការចម្រុះ ព្រំដែន កម្ពុជា វៀតណាម


ខេត្តសៀមរាប ៖ នៅល្ងាចថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានធ្វើការរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញចូលរួម ប្រជុំចង្អៀត រវាងគណៈកម្មការចម្រុះព្រំដែនកម្ពុជា វៀតណាម ដឹកនាំដោយឯកឧត្តម  ឡេ ហួយទ្រុង ប្រធាន  គណៈកម្មការចម្រុះព្រំដែន និង ជាអនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម និង ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៃទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំងេកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និង សមាជិកគណៈកម្មការចម្រុះព្រំដែនកម្ពុជា វៀតណាមផងដែរ ។

ក្នុងកិច្ចស្វាគមន៍គណៈប្រតិភូនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងអំពីស្ថានភាព ភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប បានពឹងផ្អែកទៅលើវិស័យ  ទេសចរណ៍ និង កសិកម្ម ។ ឯកឧត្តមបណ្ឌិត ក្នុងនាមអាជ្ញាធរខេត្ត សម្តែងនូវលទ្ធផលជាផ្លែផ្កា ដែលកិច្ចប្រជុំ សម្រេចបានក្នុងរយៈពេល៣ថ្ងៃមកនេះ  ដែលជាសក្ខីភាពបញ្ជាក់កាន់តែច្បាស់  នូវការរឹតចំណងសាមគ្គីភាព  ឯកភាព និង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ  ដើមី្បផលប្រយោជន៍មិត្តភាព សន្តិភាព  ស្ថិរភាពនយោ បាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចលើគ្រប់វិស័យ ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានរំលឹងឡើង ផងដែរ អំពីគុណបំណាច់របស់កងទ័ពស្ម័ត្រចិត្តវៀតណាម និង ប្រជាជនវៀតណាម ដែលបានលះបង់ប្តីសី បងប្អូន កូនចៅរបស់ខ្លួន ក្នុងការបូជាជីវិតក្នុងបុព្វហេតុអន្តរជាតិ ក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបកម្ពុជាប្រជាធិបត្តេយ្យប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ១៩៧៩  ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ បច្ចេកទេស ក្នុងកិច្ចអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនទៀតផង ។  ឯកឧត្តមបណ្ឌិតបាន បន្តទៀតថា ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ព្រមទាំងមានកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។ និយាយដោយឡែក ខេត្តសៀមរាបដែលជាខេត្តបញ្ចប់សង្រ្គាមចុងក្រោយ នាឆ្នាំ១៩៩៨  ហើយក៏បានកំពុងមាន ការអភិវឌ្ឍន៍ សំខាន់លើហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍  ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង ទីវត្តអារាម ជាដើម ។

មានប្រសាសន៍នោះដែរឯកឧត្តម ឡេ ហួយទ្រុង ក៏បានធ្វើការកោតសរសើរ ពីការដឹងនាំរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប បានធ្វើឲ្យក្រុងប្រវត្តិសាស្ត្រមួយនេះ  កាន់តែមានសោភណ្ឌ ភាពស្រស់ត្រកាល លើគ្រប់វិស័យ សំខាន់លើវិស័យទេសចរណ៍  ។  ឯកឧត្តមបានបន្តទៀតថា ខេត្តសៀមរាប ជា ខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត   ហើយដែលខេត្តសម្បូរទៅដោយ សម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមានប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិ ។ ឯកឧត្តមក៏បានបញ្ជាក់ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា វៀតណាម នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបនេះ ក៏ជាសក្ខីភាព មួយបញ្ជាក់នូវ ការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំជាអមតៈ  ក្នុងគោលដៅបម្រើ ដល់ផលប្រយោជន៍នៃប្រជាជនទាំងពីរផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

3181 3182 3183 3184 3185 3186 3187 3188 3189 3190 3191 3192