ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរកា នព្វស័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំបែង ចែកការងារ និង ត្រួតពិនិត្យការងារ ក្នុងកម្មវិធីជិះកង់ ដើមី្បកុមារ Bike for Kids លើកទី១២ ក្រោមការដឹកនាំប្រជុំដោយ លោក ទៀ សីហា អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង តំណាងសហភាពសហព័ន្ធយុវជនខេត្ត អង្គការក្នុងស្រុក និង ក្រុមហ៊ុនផងដែរ ។
បន្ទាប់ពីលោក ទៀ សីហា បានបើកកិច្ចប្រជុំ ព្រមទាំងបានលើកពីគោលបំណង ខ្លឹមសារអត្ថន័យ ក្នុង កម្មវិធីជិះកង់ ដើមី្បកុមារ Bike for Kids នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបរួចមក តំណាងសហភាព សហព័ន្ធយុវជនខេត្ត ក៏បានធ្វើការបញ្ជាក់ អំពីគម្រោងក្នុងកម្មវិធីជឹះកង់ ដើមី្បកុមារ Bike for Kids ឆ្នាំ២០១៧ គឺជាលើកទី១ហើយនៅខេត្តសៀមរាប ក្នុងការប្រមូលថវិកា ដើមី្បធ្វើការឧបត្ថម្ភដល់ស្ត្រី និង កុមារ និង ឧបត្ថម្ភជាកង់ជូនទៅដល់ សិស្សានុសិស្សក្រីក្រ នៅសាលាបឋមសិក្សា ព្រៃទទឹង ស្ថិតនៅភូមិ សង្កាត់ក្របីរៀល ក្រុង ខេត្តសៀមរាប និង ធ្វើការឧបត្ថម្ភទៅមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងឧបត្ថម្ភដល់អង្គការ IL NODO អង្គការក្នុងស្រុកមួយ ដែលធ្វើការ ជួយ និង ឧបត្ថម្ភទៅដល់កុមារ ដែលរស់នៅក្នុងពន្ធនាគារជាមួយម្តាយ និង ស្ត្រីដែលរស់នៅក្នុងពន្ធនាគារ ក្នុង ព្រះរាជាណាចក្រកម្ពុជា ។ លោកក៏បានបញ្ជាក់ថា ក្នុងការចុះឈ្មោះប្រណាំងកង់នេះ ចំពោះជនជាតិបរទេស មានតម្លៃ ៦៥ដុល្លា ចំពោះជនជាតិខ្មែរ ២០ដុល្លា ក្នុងមួយនាក់ ។
តាមការបញ្ជាក់របស់ក្រុមការងាររៀបចំ កម្មវិធីជិះកង់ ដើមី្បកុមារ Bike for Kids ជាលើកទី១២ បានឲ្យដឹងថា ការជិះកង់នេះ ត្រូវបានបែងចែកជា បីក្រុម មានចម្ងាយ ១០០គីឡូម៉ែត្រ , ចម្ងាយ ៣៧ គីឡូម៉ែត្រ និង ១៧គីឡូម៉ែត្រ ដែលចេញដំណើរពីមុខព្រលានជល់ដំរី ទៅកាន់ជុំវិញវង់ធំ ចំពោះ១០០គីឡូម៉ែត្រ និង ៣៧ គីឡូម៉ែត្រ និង ១៧ គីឡូ ម៉ែត្រ ចេញពីព្រលានជល់ដំរី ឆ្ពោះទៅស្រុកអង្គរធំ ឆ្លងកាត់ភូមិ និង កាត់ព្រៃទៀតផង ។ ក្រោយពីការបញ្ចប់ ការប្រកួត អ្នកជាប់ចំណាត់ថ្នាក់ នឹងទទួលបានពាន់រង្វាន់ ព្រមទាំងកង់១គ្រឿងផងដែរ ។
ក្នុងកិច្ចពិភាក្សានោះអង្គប្រជុំទាំងមូល បានផ្តោតសំខាន់ទៅលើការងារសន្តិសុខ សុវត្ថិភាពចរាចរណ៍ ការងារសង្រ្គោះ ( សុខាភិបាល ) និង បរិស្ថាន អនាម័យ ក្រោយពីការបញ្ចប់ការប្រកួត ។
មានមតិបូកសរុបនោះដែរ លោក ទៀ សីហា ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រុមការងាររៀបចំ កម្ម វិធីជិះកង់ ដើមី្បកុមារ Bike for Kids ត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាសុខភាពក្រុមកីឡាករ កីឡាការនី នៅ ក្នុងពេលប្រណាំង ព្រមទាំងឲ្យមានកិច្ចសហការល្អជាមួយ កងកម្លាំងសមត្ថកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង ចរាចរណ៍ និង ត្រូវធ្វើការពិភាក្សាឲ្យបានស៊ីជម្រៅអំពីបញ្ហាទាំងនេះផងដែរ ។ ម៉្យាងទៀត លោកអភិបាលរងខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ដល់អាជ្ញាធរអប្សរា ក្នុងកិច្ចសហការជាមួយក្រុមការ ងារកម្មវិធីជិះកង់ ដើមី្បកុមារ Bike for Kids ក្នុងការសម្រួលឲ្យកិច្ចដំណើរការប្រណាំងកង់នេះ ឲ្យទទួលបាន ជោគជ័យ ។ លោក ទៀ សីហា ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ដែលតែងចូលរួមក្នុងការឧបត្ថម្ភគាំទ្រ ដល់វិស័យកីឡានៅកម្ពុជា កីឡានាំមកនូវសុខភាពមាំមួន ដូច្នេះយើងគ្រប់គ្នាត្រូវចូលរួមលើកស្ទួយនូវវិស័យកីឡា នៅកម្ពុជា កីឡានាំមកនូវសុខភាពមាំមួន និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀត ដោយគ្រឿងញៀន នាំមកសេចក្តីវិនាសដល់អនាគតខ្លួន សហគម និង សង្គមជាតិ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប