រដ្ឋបាលខេត្តសៀមរាម ប្រារព្ធទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧ ក្រោមទិសស្លោក កម្ពុជាប្តេជ្ញាឆ្ពោះសម្រេចបាននូវគោលដៅសូន្យ បី និង ៩៥ ៩៥ ៩៥ នាឆ្នាំ២០២៥


ខេត្តសៀមរាប ៖ ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧ ក្រោមទិសស្លោក កម្ពុជាប្តេជ្ញាឆ្ពោះសម្រេចបាននូវគោលដៅសូន្យ បី និង ៩៥ ៩៥ ៩៥ នាឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទ៨ ខែធ្នូ ឆ្នាំ២០១៧​ ក្រោមអធិបតីភាពលោក សង់ រីហា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធ និងជំងឺអេដស៍ខេត្ត។ បន្ទាប់​ពី​អាន​សារលិខិត​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា។

ថ្លែងទៅកាន់អ្នកផ្ទុកមេរោគអេដស៍ និងមន្ត្រីរាជការព្រមទាំងក្មួយៗ សិស្សានុសិស្ស ដែលបានចូលរួមនោះលោក សង់ រីហា បានកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសុខភាពទាំងការព្យាបាល និងការបង្ការទប់ស្កាត់ជំងឺអេដស៍ ដោយធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលសូន្យបី គឺសូន្យការចម្លងថ្មី សូន្យការរើសអើងអ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ សូន្យការស្លាប់ដែលទាក់ទង​ជំងឺអេដស៍។

​            លោកអភិបាលរងខេត្ត បានគួសបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅ បញ្ឈប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥ ហើយក្នុងរយៈពេល២៦ឆ្នាំ កន្លងមកនេះសមិទ្ធផល នៃយុទ្ធនាការរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប​របស់រាជរដ្ឋាភិបាល ដែ​លមានសម្តេច​តេជោហ៊ុន សែន ដែលបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់បានដោយជោគជ័យ ហើយបានបញ្ចៀសមនុស្សរាប់សែននាក់ ឲ្យរួចផុតពីការចម្លងមេរោគអេដស៍ និងការបង្កើនអាយុកាលដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍ ព្រមទាំងបានលើកស្ទួយគុណភាពជីវិតគ្រួសារដែលទទួលរងនូវផលប៉ះពាល់ នៃមេរោគអេដស៍ឲ្យមានក្តីសង្ឃឹម និងការរស់នៅក្នុងភាពថ្លៃថ្នូរស្មើមុខស្មើមាត់ ដូចប្រជាជនទូទៅ។ លោក សង់​ រីហា បានដាស់តឿនក្រើនរំលឹកដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួន កុំឲ្យឆ្លងមេរោគនេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជនយុវនារី ត្រូវប្រុងប្រយ័ត្ន និ​ងចងចាំថាការការពារ គឺចាប់ផ្តើមពីខ្លួន​ឯងផ្ទាល់៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានសៀមរាប