ខេត្តសៀមរាប ៖ ព្រះវិហារ និង សមិទ្ធផលនានាក្នុងវត្ត វង្សភ័ក្ត្របុរីសិរីរ័ត្ន ហៅវត្តខ្នារក្រៅ រួមនឹងមហាស្រះទឹក ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានធ្វើពិធីកាត់ឬសសីមា សម្ពោធឆ្លងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ កងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានគូស បញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ទូទាំងខេត្តសៀមរាបមានវត្តចំនួន ២៤២ និងអាស្រមចំនួន ២៣ មានព្រះសង្ឃចំនួន ៤ពាន់៧៨៨ អង្គ ក្នុងនោះគណមហានិកាយចំនួន ២៣៥ វត្ត និងអាស្រម ២២ ព្រះសង្ឃមានចំនួន ៤ពាន់៧០២ អង្គ វត្តគណៈធម្មយុត្តិកនិកាយ មានចំនួន ៧ វត្ត និង អាស្រម ១ ព្រះសង្ឃមានចំនួន ៨៦ អង្គ និង មានអាចារ្យសរុប ៦៥៨ នាក់ គណៈកម្មការវត្ត ១ពាន់៧០៥ នាក់។
បន្ទាប់ពីសេចក្តីរាយការណ៍របស់ឯកឧត្តម ខេង សុមេធ បានបញ្ជាក់ថា វត្តខ្នារក្រៅនេះ បានកសាងឡើងក្នុង ឆ្នាំ១៩២០ ដោយបានឆ្លងកាត់ជាច្រើនជំនាន់ ទីវត្តនេះក៏គ្មានការអភិវឌ្ឍន៍ សំខាន់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានបំផ្លាញទីវត្តនេះទាំងស្រុង ។ ដោយផ្សាភ្ជាប់នូវប្រវត្តិជីវិតដ៏ជូរចត់រយៈពេល៣ឆ្នាំ៨ខែ ២០ថ្ងៃរបស់ឯកឧត្តម បានបាត់បង់សាច់ញាតិ ពិសេសលោកឪពុកបង្កើត ។ ដើមី្បរំលឹងដល់គុណថ្ងៃជ័យជំនះ៧មករា ១៩៧៩ ក៏ ដូចជាការឧទិ្ទសដល់ដូងវិញ្ញាណក្ខ័ន្ធរបស់លោកឪពុក និង សាច់ញាតិ ឯកឧត្តម និង ក្រុមគ្រួសារបានកសាងកុដ្ឋ និង ព្រះវិហារនៅក្នុងទីវត្តនេះឡើងវិញ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ ។ ម៉្យាងទៀតព្រះវិហារនេះ បានកសាងឡើង នៅឆ្នាំ២០១៦ និង រួចរាល់នៅឆ្នាំ២០១៧ ។
មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានធ្វើការអបអរសាទរនូវសមិទ្ធផលទាំងនេះ ដែលកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសធម៌ របស់ ក្រុមគ្រួសារឯកឧត្តម ខេង សុមេធ រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការកសាងនូវសមិទ្ធផលក្នុងទីវត្តខ្នារក្រៅនេះ ក្នុងការបម្រើដល់វិស័យព្រះពុទ្ធសាសនា ។ ឯកឧត្តមបានគូសបញ្ជាក់ថា ផ្តើមចេញពីការ អនុវត្តគោលនយោបាយឈ្នះៗក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ ។ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យបានផុតរលត់ទៅ វិស័យព្រះពុទ្ធសាសនាត្រូវបានរស់រានមានជីវិត និង ត្រូវបានរដ្ឋយកចិត្តទុកដាក់ធ្វើឲ្យមានការអភិវឌ្ឍនរីកចម្រើនឡើងវិញ ទាំងវិស័យធនធានមនុស្ស សម្ភាររូបវន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចវិស័យនានាផងដែរ ។ ឯកឧត្តមក៏បានលើកផងដែរថា តាមសេចក្តីរាយការណ៍ ទីតាំងឃុំកន្ទួតនេះ គឺជាសមរភូមិក្តៅ រវាងកម្លាំងឧទាមខ្មែរក្រហម និង ទាហានរដ្ឋាភិបាលកម្ពុជា តែក្រោយប្រទេសជាតិមានសុខសន្តិភាព បានធ្វើឲ្យតំបន់សមរភូមិបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ និង ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានការប្រែមុខមាត់ថ្មីលើវិស័យសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបន្តទៀតថា ការរៀបចំប្រារព្វពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ទផលនានា ក្នុងឱកាសនេះ ក៏ជាការបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគតហើយបានចារិកទុកក្នុងរដ្ឋធម្មនុញ្ញថា « ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធពេញទីខាងជំនឿសាសនា ។ ម៉្យាងសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀតដល់សណ្តាប់ធ្នាប់ និង សន្តិសុខសាធា រណៈ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ » ។ ជាមួយគ្នានោះដែរ រដ្ឋមានបេសកកម្មផ្តល់ការគាំទ្រ និងលើកតម្កើងវិស័យព្រះពុទ្ឋសាសនាឲ្យរីកចម្រើន ថ្កុំថ្កើង រុងរឿង ស័ក្តិសមជាសាសនារបស់រដ្ឋ។ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ រដ្ឋមានតួនាទីផ្សព្វផ្សាយ លើកតម្កើងគ្រឹះស្ថានអប់រំផ្នែកព្រះពុទ្ធសាសនា រួមមាន សាលាបាលី និងពុទ្ធិកសិក្សានៅគ្រប់កម្រិត ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរ អំពីស្ថានភាពនយោបាយក្នុង និង ក្រៅ ប្រទេស សំខាន់ចំពោះការធ្វើបដិវត្តពណ៌ របស់ក្រុមជនក្បត់ជាតិមួយចំនួន ដែលមានការប៉ង់ប៉ងផ្តួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់នៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើ ការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តខ្នារក្រៅ ត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះ សំខាន់សមិទ្ធ ផលមហាស្រះទឹក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនបងប្អូន បានប្រើប្រាស់ក្នុងភូមិនេះទាំងមូល ។
ក្នុងការឆ្លើយតបទៅនឹងសំណើរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរឃុំ និងប្រជាពលរដ្ឋក្នុងឃុំ កន្ទួតនេះ សម្តេចទាំងពីរបានផ្តល់នូវអគារ១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ និង ទីចាត់ការ១ខ្នង ៣បន្ទប់ រួម ទាំងចូលរួមបច្ច័យក្នុងពិធីបុណ្យឆ្លងនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប