ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង សង្កាត់ផងដែរ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង ពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តធ្វើឡើងនតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍បានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ១៣ និង១៤ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរថា ការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ព្រមទាំងរំលឹកគុណព្រះធរណីព្រះគង្គា ដែលបានផ្តល់ការស្រោចស្រពលើភោគផលដំណាំរបស់ ប្រជាកសិករផងដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏សូមឲ្យគ្រប់អនុគណៈកម្មការនីមួយៗ រាយការណ៍អំពីសកម្ម ភាព របស់អនុគណៈកម្មការអនុវត្តបានកន្លងមក ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់អនុគណៈកម្មការនីមួយៗ អំពីសកម្មភាព លទ្ធផលដែលអនុវត្តបាន។ ក្នុងនោះឯកឧត្តម អ៊ឹង ហឿន ប្រធានអនុគណៈកម្មការបច្ចេកទេសទូកបានឲ្យដឹងថា ទូកដែលបានសុំដាក់ពាក្យចូលមកប្រកួត មានចំនួន ៣១ទូក ដែលក្នុង១ទូកមានចំណុះ ២២នាក់ ក្នុងនោះមានទូកស្រី ០៦ទូក ព្រមទាំងមានប្រទីប មកពីបណ្តាមន្ទីរ អង្គភាព និង ក្រុមហ៊ុន ក្នុងនោះក៏មានទូកមកពីខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យចូលរួម ប្រកួតផងដែរ ។ ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សា ដោយផ្តោតយ៉ាងសំខាន់ ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន និង អគ្គិសនី ហើយជាងនេះទៅទៀតលើ ការស្នាក់នៅរបស់ក្រុមកីឡាករ កីឡាការីទៀតផង ។ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនេះ គណៈកម្មការបុណ្យជាតិថ្នាក់ខេត្ត ក៏បានរៀបចំស្តង់ សម្រាប់បងប្អូនអាជីវករ ដែលមានបំណងចូលមកលក់ដូរនៅក្នុងឱកាសបុណ្យអុំទូក ដោយបានបន្តពីថ្ងៃបញ្ចប់អ៊ុំទូក ទៅដល់ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០១៦ និង មានការសម្តែងតន្ត្រីជូនដល់ភ្ញៀវជាតិអន្តរជាតិកម្សាន្តផងដែរ ។
បន្ទាប់ពីអនុគណៈកម្មការ និងអាជ្ញាធរក្រុង មន្ទីរ អង្គភាពបានលើកនូវរាល់ចំណុចមួយចំនួនក្នុងការចូលរួមព្រះរាជពិធីបុណ្យអុំទូក ដោយផ្តោតទៅលើបញ្ហាបរិស្ថាន ភ្លើងបំភ្លឺ និង បង្គន់អនាម័យចល័តក្នុងឱកាសពិធីបុណ្យ ។ មានប្រសាសន៍បូកសរុបនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួម ប្រកួតក្នុងពិធីបុណ្យអុំទូក ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ហើយក៏ជាការផ្សព្វផ្សាយទាក់ទាញអារម្មណ៍ដល់ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ខ្មែរយើង ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីដ្ឋានធម្មជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ហើយក៏ជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ម៉្យាងទៀតក៏ត្រូវធ្វើការយកចិត្តទុកដាក់ទៅលើការងារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងការបម្រើនូវជូនដល់ប្រជាពលរដ្ឋ ទទួលបានការសប្បាយក្នុងឱកាសបុណ្យអ៊ុំទូក នៅខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានសង្កត់ធ្ងន់ ចំពោះកម្លាំងសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់នូវសន្តិសុខ សណ្តាប់ធ្នាប់ និង ការគ្រប់គ្រងអ្នកទទួលបញ្ញើរ កង់ ម៉ូតូក្នុងឱកាសថ្ងៃបុណ្យអុំទូក និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ បរិវេណការប្រណាំងទូក និងលុបបំបាត់ឲ្យបាននូវគ្រប់រាល់ល្បែងស៊ីសងក្នុងក្រុង បណ្តាមូលដ្ឋានឲ្យដូចភ្លៀងរលឹម សំខាន់គឺត្រូវបង្កើនការយកចិត្តទុកដាក់ពីសន្តិសុខ នៅតាមបណ្តាទីប្រជុំជនតាមបណ្តាស្រុក និង គ្រប់គ្រងនូវមុខសញ្ញាសមាសភាពក្រុម ជនល្មើសដែលសមត្ថកិច្ចយើងបានកំណត់។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរថា ស្របតាមការណែនាំរបស់គណៈ កម្មាធិការបុណ្យជាតិ និង ក្រោយការបញ្ចប់បុណ្យ ត្រូវយកចិត្តលើការសម្អាតអនាម័យ បរិស្ថាន ពិសេស អគ្គិសនី ត្រូវបន្តបើកបំភ្លឺនៅតាមស្តង់ និង កន្លែងឆាកតន្ត្រី រហូតដល់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៦ ព្រមទាំងសូមឲ្យបណ្តាមន្ទីរ អង្គភាព ក៏ដូចក្រុមហ៊ុន ដែលគ្មានទូកចូលរួមប្រកួត សូមជួយធ្វើការឧបត្ថម្ភ ដល់ទូកទាំងនោះ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ហើយក៏ជាការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ លើវិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រយើងនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ