សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះថ្មីទី៥ និងគ្រឿងឧបភោគបរិភោគ ដល់គ្រួសារទីទ័លក្រ រស់នៅ ស្រុកសូទ្រនិគម


ខេត្តសៀមរាប ៖ លំនៅដ្ឋានដែលធ្វើអំពីឈើប្រក់ដំបូលសង្ក័សីមានជញ្ជាំងក្តារ ក្រាលក្តា មានបណ្តោយ៥ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលជាអំណោយសប្បុរជនអង់គ្លេស  ផ្តល់តា​មរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការ​សាខា​កាក​បាទក្រហមខេត្ត  លោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកា កិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត រួមសហការី ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សាខា ប្រគល់ជូនដល់គ្រួសារលោក ស៊ុយ ស៊ី  អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះ ភីន ហឿន អាយុ៦១ឆ្នាំ និង មានជម្ងឺប្រចាំកាយ  ដែលមានកូនប្រុសស្រី៣នាក់​មានមុខរបរ​ជាកសិករ រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគមខេត្តសៀមរាប ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និង តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក ស៊ុយ ស៊ី  ដែលមានភូមិស្រុកកំណើតដូចខាងលើ គឺជាគ្រួសារទីទ័លក្រ ហើយផ្ទះចាស់របស់គាត់ត្រូវអគ្គីភ័យលេបត្របាក់យកគ្មានសេសសល់អ្វីទេ​កាលពីដើមខែធ្នូនេះ  ហើយគ្មានលទ្ធភាពក្នុងការសាងសង់ជម្រកនៅទៀតផង ។  ក្រោមការអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏មានសប្បុរសជនជនជាតិអង់គ្លេស បានចូលរួមជួយឧបត្ថម្ភ ក្នុងការសាងសង់លំនៅដ្ឋាននេះឡើង ក្នុងតម្លៃ ១ពាន់២០០ដុល្លា ជូនក្រុមគ្រួសារលោក ស៊ុយ ស៊ី  ឲ្យមានទីជម្រករស់នៅបានសមរម្យផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាឡើយ ។ លោកជំទាវ ក៏បានសម្តែងនូវភាពទុក្ខសោករបស់ក្រុមគ្រួសារលោក ស៊ុយ ស៊ី  ហើយដោយមើលឃើញពីទុក្ខលំបាកនេះហើយ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារលោកនាពេលនេះ ។ ទាំងនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបរបស់ប្រមុខរាជរដ្ឋាភិបាល ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលប្រធានបទបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ លោកជំទាវក៏បានធ្វើការសំណូមពូរដល់លោក ស៊ុយ ស៊ី  និង ក្រុមគ្រួសារ សូមថែរក្សាសុខភាពដើម្បីនៅមើលថែទាំកូនៗឲ្យបានរៀនសូត្រ ព្រមទាំងធ្វើការដាំដុះដំណាំរួមផំ្ស ចិញ្ចឹមសត្វ ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ ។ ការប្រគល់លំនៅដ្ឋាននាពេលនេះ ក្នុងការជួយសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារបងប្រុសបងស្រី និង ក្មួយៗ  ហើយក៏ជាការលើកកម្ពស់សុវត្ថិភាព សុខមាលភាព របស់ប្រជាពលរដ្ឋ សំខាន់កុមារដែលជាទំពាំងស្នងឫសី្សនៃសង្គមជាតិ  និង សូមឲ្យកូនៗរបស់បងបានចូលសិក្សារៀនសូត្រផងដែរ ។

សម្ភារៈសង្កត់ផ្ទះនាពេលនោះរួមមាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកបរិសុទ្ធ៥យួរ ឃីត ១កញ្ចប់ សម្ភារៈផ្ទះបាយ  កន្ទេល១ ទឹកត្រី ១យូរ និង ថវិកា២០ម៉ឺនរៀល ។ ក្នុងនោះលោកជំទាវក៏បានឧបត្ថម្ភ បន្ថែមនូវថវិកា ចំនួន ២០ម៉ឺនរៀល និង ថវិកា ៤០០ដុល្លា ដើមី្បចែកជូនបងប្អូនប្រជាពលរដ្ឋដែលបាន ចូលរួមក្នុង ពិធីនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

676 677 678 679 680 681 682 683 684 685 686 687 688 689 690 691 692 693 694 695 696