អភិបាលខេត្តវេប្រគេនទៀនព្រះវស្សាដល់វត្តរាជបូព៌


ខេត្តសៀមរាប ៖ ថ្ងៃ១១កើត ខែអាសាឍ ឆ្នាំរកា នព្វស័ក ព.ស២៥៦១  ត្រូវថ្ងៃអង្គារទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ បាននាំយកនូវទៀនព្រះវស្សា និង គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យ យកទៅវេរប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សា វត្តរាជបូណ៌ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និង ពុទ្ធបរិស័ទចូលរួមផងដែរ ។

បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរឹត្ត  និង តាមការធ្វើកិច្ចទៅកម្មវិធីរបស់លោកតាអាចារ្យ ក៏បានប្រារព្វធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ដើមី្បឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ និង ការអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើន ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។  ម៉្យាងទៀត​ការ​ប្រគេន​ទៀន​ព្រះវស្សា​នេះ គឺជា​ការ​ប្រារ​ឰ​ធ្វើទៅតាម​ទំនៀម​ទំលាប់​ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននា​សម័យកាល​យូ​លង់​​មកហើយ នៅជារៀងរាល់ឆ្នាំ និង ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូល​​ពីថ្ងៃ​ទី ១​រោជ ខែអាសាឍ​រហូតដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ  ។

បន្ទាប់ពីការវេប្រគេន នូវទៀនព្រះវស្សា និង គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដល់ព្រះសង្ឃរួចមក ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ទៀនវស្សា​និង​ទេ​យ្យ​វត្ថុ​យកមក​ប្រគេន​ព្រះសង្ឃ​នាពេលនេះ  ប្រគេនដល់ព្រះសង្ឃ ​ក្នុង​រយះពេល​គង់ចាំព្រះវស្សាក្នុងត្រីមាសនៅទីវត្តអារាម ដែលព្រះសង្ឃ​មិនអាច​និមន្ត​ចេញទៅ​បិ​ណ្ឌ​បាត្រ​​បាន ដោយ រដូវ​វស្សា​មានភ្លៀងធ្លាក់ជោគជាំ ហើយក៏​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ ។​  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ក៏បានលើកឡើងផងដែរ សម្រាប់ប្រជាពលរដ្ឋ និង បងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺ មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌  វប្បធម៌ខ្មែរយើង ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា ការដង្ហែនូវទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ នៅវត្តរាជបូណ៌ នាពេលនេះ  គឺ  ជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបថ្ងៃនេះត្រូវបានគណៈអភិបាល និង ក្រុមប្រឹក្សាខេត្ត សប្បុរសជនក្នុងខេត្ត  បានដង្ហែរយកមកវេរប្រគេនដល់ព្រះសង្ឃនៅតាមវត្ត ដើមី្បព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

សម្ភារៈ​បរិក្ខាដែលបានប្រគេនព្រះសង្ឃ​នាឱកាសនោះ មានទៀនវស្សា ០១គូ  និង គ្រឿងឧបភោគបរិភោគ ចំនួន ១១មុខ និង បច្ច័យ ចំនួន ៣លាន៧០ម៉ឺនរៀល និង ប្រាក់ដុល្លា ១៧០ដុល្លា  ក្នុងនោះដែរឯកឧត្តមបណ្ឌិត និង លោកជំទាវ បានជូនថវិកាដល់សីលវន្ត័ សីលវតី និង ក្មេងវត្ត ម្នាក់ៗ ១ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

1870 1871 1872 1873 1874 1875 1876 1877 1878 1879 1880 1881 1882 1883 1884 1885