កិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២  ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  និងលោក លី សំរឹទ្ធ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដែលមានរបៀបវារៈប្រជុំចំនួន០៥ ដោយពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ និង សេចក្តីព្រាងកំណត់ហេតុវិសាមញ្ញា របស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងពិនិត្យអនុម័តលើសេចក្តីព្រាងរបាយកាណ៍ប្រចាំខែ មិថុនា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត និង ការអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត និង អនុម័តលើសំណើតែងតាំងមន្ត្រីមួយរូបផងដែរ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម  លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត      គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ចូលរួមផងដែរ  ។

ឆ្លងទៅតាមរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២អង្គប្រជុំទាំងមូល ក៏បានបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ បានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សា ទៅតាមរបៀបវារៈដែលបានគ្រោងទុក ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ក្នុងការចូលរួមជម្រុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅធ្វើការចុះឈ្មោះបោះឆ្នោតជាថី្ម នៅតាមបណ្តាឃុំ សង្កាត់របស់ខ្លួនឲ្យបានគ្រប់ៗគ្នា និង បង្កើនការយកចិត្តទុកដាក់ខ្ពស់លើ ការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងពេលចុះឈ្មោះបោះឆ្នោតនេះ ។    ឯកឧត្តមបណ្ឌិតក៏បានជម្រុញឲ្យគណៈ កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ត្រូវកំណត់នូវរបបកិច្ចប្រជុំរបស់ខ្លួនឲ្យបានទៀងទាត់ ពី ព្រោះថា គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត  មានសិទ្ធិស្មើទៅនឹង គណៈបញ្ជាការឯកភាពខេត្តផងដែរ ។ ឯកឧត្តបណ្ឌិតក៏បានធ្វើការថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរក្រុង ដែលបានចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៨នេះ  ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការសំណូមពរប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រ ៕ អត្ថបទ ម៉ី សុខារិទ្ធ

162] 163 164 165