សិក្ខាសាលាអាស៊ានស្តីពី វេទិកាកសាងសមត្ថភាពមុខងារសាធារណៈ និងប្រព័ន្ធគ្រប់គ្រងគុណផល


ខេត្តសៀមរាប ៖ អង្គសិក្ខាសាលាអាស៊ាន ស្តីពី វេទិកាកសាងសមត្ថភាពមុខងារសាធារណៈ និង ប្រព័ន្ធគ្រប់គ្រងគុណ ផល ត្រូវបានបើកកាលពីរសៀលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧ មានរយៈពេល៣ថ្ងៃ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង ឯកឧត្តមបណ្ឌិត Bima Wibisana ប្រធានទីភ្នាក់ងារជាតិ មុខងារសាធារណៈ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី  ដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ និង សាធារណៈរដ្ឋកូរ៉េ ធនាគារពិភពលោក  ធនាគារអភិវឌ្ឍអាស៊ី និង ទីភ្នាក់ងារជំនួយបច្ចេកទេសអាល្លឺម៉ង់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា រួម ទាំងតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ ប្រមាណ ១៥០នាក់ចូលរួម  ។

មានប្រសាសន៍ក្នុងកិច្ចស្វាគមន៍នោះដែរ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប  បានបញ្ជាក់ថា អង្គសិក្ខាសាលាដ៏មានអត្ថន័យនាពេលនេះ បានធ្វើឲ្យយើងទទួលបាននូវសមត្ថភាពខ្ពស់ នូវលក្ខខណ្ឌចាំ បាច់ ដែលត្រូវការដៃគូអភិវឌ្ឍន៍ល្អៗ និង មានលទ្ធភាពគ្រប់គ្រាន់ និង សមត្ថភាពជំនាញខ្ពស់ រួម ទាំងមានមនសិការ ដើមី្បជួយឲ្យការងារកសាងសមត្ថភាព សម្រេចទៅបានក្នុងកម្រិតស្តង់ដារអន្តរជាតិមួយ ។

បន្ទាប់ពីការធ្វើចំណាប់អារម្មណ៍របស់ឯកឧត្តមបណ្ឌិត Bima Wibisana ប្រធានទីភ្នាក់ងារជាតិ មុខងារសាធា រណៈ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី  មានប្រសាសន៍នោះដែរឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បាន គូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការជម្រុញ ការកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ក្នុងការ កសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និង ជំនឿទុកចិត្ត ព្រម ទាំងលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទះម្ចាស់ការ ភក្តីភាព និង មនសិការវិជ្ជាជីវះរបស់មន្ត្រីរាជការ ​ដើមី្ប ប្រែក្លាយរដ្ឋបាលសាធារណៈឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព ក្នុងគោលដៅរួម គឺបម្រើ ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង ។ ឯកឧត្តមកិត្តិបណ្ឌិតក៏បានគូសបញ្ជាក់ថា ការលើកកម្ពស់សមត្ថ ភាព បំពេញការងាររបស់មន្ត្រីរាជការ និង បង្កើនសមត្ថភាពរដ្ឋបាលសាធារណៈ គឺជាវិធានការជាបន្ទាន់ និង អាទិភាពបំផុត ដើមី្បធានាដល់ការអនុវត្តឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ការគាំទ្រដល់ការអនុវត្តកែទម្រង់ ស៊ីជម្រៅ សំដៅឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ច និង ការឆ្លើយតបទាន់ ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និង ឥទ្ធិពលនៃសាកលភាវូបនីយកម្ម ការប្រកួតប្រជែងក្នុង តំបន់ និង ពិភពលោក ។ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានគូសបញ្ជាក់ថា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញគ្រប់វិធានការ ដើមី្បស្វែងរកសន្តិភាព រក្សាស្ថិរភាព សង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ និង ការអភិវឌ្ឍធនធានមនុស្សជាដើម ។ ក្នុងបរិបទ នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើង និង ដាក់ចេញនូវច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាច្រើន ក្នុងការពង្រឹង លើកកម្ពស់សមត្ថ ភាពធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈកម្ពុជា ។  ឯកឧត្តមកិត្តិបណ្ឌិតក៏បានបញ្ជាក់ថា អង្គសិក្ខាសាលា នេះ យើងនឹងទទួលបាននូវការផ្លាស់ប្តូរមតិយោបល់ និង បទពិសោធន៍ លើការគ្រប់គ្រងធនធានមនុស្ស ក្នុងរដ្ឋ បាលសាធារណៈ ព្រមទាំងចែករំលែកនូវបញ្ហាប្រឈម  ក៏ដូចជាដំណោះស្រាយ ក្នុងការគ្រប់គ្រង ដើមី្បឈាន ទៅរកភាពប្រសើរ ក្នុងការគ្រប់គ្រងធនធានមនុស្ស សំដៅបង្កើនប្រសិទ្ធភាព និង ផលិតភាពការងារ ។ ឯកឧត្តម កិត្តិបណ្ឌិត ក៏មានសង្ឃឹមផងដែរ នៃអង្គសិក្ខាសាលានេះ នឹង ប្រមូលបាននូវធាតុចូលជាច្រើន ដើមី្បជាប្រទីព  មុននឹងឈានទៅបញ្ចប់ជាស្ថាពរ លើឯកសារណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងគុណផល ។  ឯកឧត្តមកិត្តិបណ្ឌិត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ក្នុងភាពដៃគូរនៃកិច្ចសហប្រតិបត្តិការ ទីភ្នាក់ងារជាតិមុខងារសាធា រណៈប្រទេសឥណ្ឌូនេស៊ី ដែលបានគាំទ្រអង្គសិក្ខាសាលានេះឡើង ក្នុងការបង្ហាញពីចំណងសាមគ្គីភាពរវាង អាស៊ាន ក្នុងការអនុវត្តនូវប្រព័ន្ធនៃការគ្រប់គ្រងធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈមួយ ឲ្យមានលក្ខណៈ សង្គតិភាពនឹងគ្នា ក្នុងកម្រិតដែលអាចទទួលយកបានក្នុងការអនុវត្ត     ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

184 185 186 187 188 189 190