ខួប១ឆ្នាំការបង្កើតវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន


ខេត្តសៀមរាប ៖ កាលព្រឹកនាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ នៅវិទ្យាល័យ ភ្នំក្រោម ស៊ូវ៉ុន បានធ្វើការប្រារព្វខួបគម្រប់ ១ ឆ្នាំនៃការបង្កើតវិទ្យាល័យ ភ្នំក្រោម ស៊ូវ៉ុន ដែលចំណងដៃដ៏ថ្លៃថ្លារបស់ក្រុងស៊ូវ៉ុន សម្ព័ន្ធមេត្រីភាព  ខេត្តសៀមរាប ផ្តល់ជូនកូនចៅប្រជាពលរដ្ឋ ភូមិភ្នំក្រោម និង សង្កាត់ចុងឃ្នៀស បានសិក្សារៀនសូត្រ ។ ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត លោក គីម ឆាយប៊ុម ជាប្រធានប្រតិភូក្រុងស៊ូវ៉ុន ខេត្តឃ្យុងគី  និង លោក ធាក ស៊ឹងឃ្យូ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍របស់លោកនាយកវិទ្យាល័យ បានឲ្យដឹងថា​វិទ្យាល័យភ្នំក្រោម ស៊ូវ៉ុននេះ មានសិស្សចូល មកសិក្សា សរុប ៣៤៨នាក់ ស្រី១៨៧នាក់ មានគ្រូបង្រៀនចំនួន ១៣នាក់ផងដែរ ។

មានចំណាប់អារម្មណ៍នោះលោក លោក គីម ឆាយប៊ុម ជាប្រធានប្រតិភូក្រុងស៊ូវ៉ុន ខេត្តឃ្យុងគី  និង លោក ធាក ស៊ឹងឃ្យូ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក៏បានគូសបញ្ជាក់ថា  អគារអនុវិទ្យាល័យ . វិទ្យាល័យភ្នំក្រោម ស៊ូវ៉ុននេះ បានផ្តល់នូវសារៈសំខាន់សម្រាប់សិស្សានុសិស្សនៅភូមិមិត្តភាពភ្នំក្រោមស៊ូវ៉ុន ដែលគ្មាន លទ្ធភាពទៅសិក្សានៅក្រុងសៀមរាប ហើយក៏ជាថ្នាលបណ្តុះនូវធនធានមនុស្សនៅក្នុងមូលដ្ឋាន ដែលធ្វើឲ្យកូនចៅ បងប្អូនប្រជាពលរដ្ឋមាននូវចំណេះដឹង ក្នុងការចូលរួមអភិវឌ្ឍន៍ភូមិរបស់ខ្លួន ។  ម៉្យាងទៀតវិទ្យាល័យ ភ្នំក្រោម ស៊ូវ៉ុននេះ ក៏ដើតួនាទីសំខាន់ ក្នុងការបណ្តំបណ្តាលធនធានមនុស្ស ដើមី្បអភិវឌ្ឍប្រទេសកម្ពុជា សម្រាប់ ទៅថ្ងៃអនាគត ព្រមទាំងក្លាយទៅជាភូមិគំរូនៅកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាផងដែរ ។

ក្នុងនោះដែរលោក ពិន ប្រាកដ បានសម្តែងនូវអំណរគុណ និង កោតសរសើរ ចំពោះទឹកចិត្តដ៏សប្បុរស និង ការប្រឹងប្រែងរបស់រដ្ឋបាល និង ប្រជាជនក្រុងស៊ូវ៉ុន សមាគមហែភីខាំ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ កែលម្អជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនភូមិភ្នំក្រោម និង លើកស្ទួយដល់វិស័យអប់រំទៀតផង ។ លោកក៏បានលើកផងដែរថា ឆ្លងតាមជំហាននិមួយៗ នៃគម្រោងទាំងបី ក្នុងការស្តារ  អភិវឌ្ឍន៍ភូមិភ្នំក្រោមឲ្យក្លាយជាភូមិគំរូមួយ ក្នុងចំណោមភូមិទាំងឡាយរបស់ខេត្តសៀមរាប តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូប វ័ន្ត និង អរូបវ័ន្ត សំដៅលើកកម្ពស់គុណភាព សមត្ថភាពដល់អ្នកភូមិភ្នំក្រោម រួមទាំងប្រជាពលរដ្ឋនៅតំបន់ភ្នំក្រោម ដោយបានផ្តល់នូវកាលានុវត្តភាព ទទួលបាននូវចំណេះដឹង បទពិសោធន៍ ជំនាញវិជ្ជាជីវៈ ក្នុងការប្រកបរបរប្រចាំថ្ងៃ និង ការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ។ លោក ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ត្រូវខិតខំឲ្យអស់លទ្ធភាព ទាំងកម្លាំងកាយចិត្ត និង សម្ភារៈ ផ្ទាល់ខ្លួន ក្នុងគោលការណ៍ ( សាលាផ្សាភ្ជាប់សង្គម  ការអប់រំផ្សាភ្ជាប់ពលកម្មផលិត  ទ្រឹស្តីផ្សាភ្ជាប់នឹងការអនុវត្ត)  នោះយើងមានលទ្ធភាពរស់នៅដោយខ្លួនយើង ធ្វើម្ចាស់លើខ្លួនយើង សម្រេចរាល់អ្វីៗ ដើមី្បខ្លួនយើងទៅអនាគត ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឲ្យយកចិត្តទុកដាក់ធ្វើអនាម័យ ថែទាំអគារសិក្សាបានគងវង្ស និង ត្រូបង្កើនការគ្រប់គ្រងឲ្យបានល្អ  និង ត្រូវយកចិត្តទុកដាក់ ធ្វើការកែប្រែទិដ្ឋភាពសាលា ឲ្យមានសោភណ្ឌភាពល្អស្អាត ក្នុងការទាក់ទាញនូវភ្ញៀវចូល មកទស្សនាកម្សាន្ត ដោយភូមិភ្នំក្រោមជាតំបន់ទេសចរណ៍ធម្មជាតិ សម្បូរទៅដោយជីវៈចម្រុះទៀតផង  ។ លោកក៏មានសង្ឃឹមជឿជាក់ថា ប្រធានប្រតិភូ ព្រមទាំងប្រជាជន សប្បុរសជនក្រុងស៊ូវ៉ុន នឹង នៅតែបន្ត ការគាំទ្រដល់កិច្ចអភិវឌ្ឍវិស័យអប់រំ និង វិស័យដទៃទៀតក្នុងខេត្តសៀមរាបឲ្យមានការរីកចម្រើន និង ធ្វើឲ្យចំណងមិត្តភាពក្រុង ខេត្តក៏ដូចប្រទេសទាំងពីរ កាន់តែមានទំនាក់ទំនងគ្នាទ្វេរឡើងថែមទៀត ។

ក្នុងនោះដែរក្រុមប្រតិភូក្រុងស៊ូវ៉ុន ក៏បានផ្តល់នូវកង់ចំនួន ៣០០កង់ ដល់សិស្ស និង សម្ភារៈផ្ទះបាយ សម្លៀកបំពាក់សិស្ស រួមទាំងល្បែងលេងកម្សាន្ត ជូនដល់សាលាទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

101 102 103 104 105 106 107 108 109 110