ខេត្តសៀមរាប ៖ អាគារថ្មីរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែងខេត្តសៀមរាបដែលសាងសង់លើទីតាំងថ្មីស្ថិតនៅភូមិកំពង់ក្តី២ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៧នេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹមប៊ុនសុងប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលខេត្ត ឯកឧត្តមបណ្ឌិតនូ ផល្លាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជានិង ជាប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ។
បើតាមរបាយការណ៍បង្ហាញរបស់លោកស៊ុំសំអននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានឲ្យដឹងពីការចំណាយសម្រាប់ការកសាងអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែងនេះគឺបានសាងសង់អស់ថវិកាសរុប ចំនួន ២១ពាន់ដុល្លារអាមេរិក។ លោកបានបញ្ជាក់ថា ដោយមានការឆ្លើយតបនឹងការអំពាវនាវរបស់អនុសាខាស្រុកជីក្រែងក្នុងស្មារតីមនុស្សធម៌ចូលរួមក្នុងការសាងសង់អការទីស្នាក់ការអនុសាខាកាកបាទក្រហមកម្បុជាស្រុកជីក្រែងនេះដែរក៍មាន ឯកឧត្តមលោកជំទាវអស់លោកលោកស្រីជាសប្បុរសជនក្នុងស្រុកនិងក្នុងខេត្តបានឧបត្ថម្ភជាថវិកាសម្រាប់ចាក់ដីបំពេញទីធ្លានិងទិញសម្ភារៈការិយាល័យ សម្រាប់បំពាក់ ក្នុងអគារអនុសាខាស្រុកជីក្រែង ជាច្រើនផងដែរ។
ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងបានមានប្រសាសន៍បញ្ជាក់ថាការបើកសម្ពោធអាគារថ្មីរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែងនាពេលនេះគឺស្ថិតក្នុងអត្ថន័យដើម្បីអបអរសាទរថ្ងៃខួបកំណើត៦២ឆ្នាំ (១៨ កុម្ភៈ ១៩៩៥៥១៨ កុម្ភៈ ២០១៧ )នៃស្ថាប័នមនុស្សធម៌ធំជាងគេក្នុងប្រទេសគឺកាកបាទក្រហមកម្ពុជាដែលបានធ្វើប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយមិនប្រកាន់ពូជសាសន៍ ពណ៌សំបុល និងជាប់និន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទជាសាកលរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហម (សង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត )។ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងបានមានប្រសាសន៍បន្តទៀតថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជាដែលក្នុងនោះបានកំណត់ទស្សនវិស័យ ( រួមចំណែកពន្លឿន ការកាត់បន្ថយភាពក្រីក្រការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ) ឲ្យបានសម្រេចនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤ការគ្រប់គ្រងគ្រោះមហន្តរាយសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌របស់ចលនា ការអភិវឌ្ឍន៍ស្ថាប័ន និង អភិវឌ្ឍន៍ធនធានមនុស្ស។ឯកឧត្តមបណ្ឌិតឃឹមប៊ុនសុងក៏បានធ្វើការរំលឹក និង ផ្ដល់ជាអនុសាសន៍មួយចំនួនដល់លោក លោកស្រី ក្នុងជួរគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង សូមយកចិត្តទុកដាក់ប្រើបា្រស់ និងថែរក្សាអគារទីស្នាក់ការនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ក្នុងវិស័យមនុស្សធម៌ និង បន្តបំពេញនូវតួនាទីជាគណ:អភិបាល ដឹកនាំក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ឲ្យបំពេញការងារមនុស្សធម៌បានល្អ ស្របតាមគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម និង គោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកពន្លឿនការកាត់បន្ថយបន្ថយភាពក្រីក្រ និង ធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅ របស់ជនងាយរងគ្រោះ ពិសេសស្រ្ដី ចាស់ជរា កុមារកំព្រា និង ជនពិការ ដែលទាក់ទងនឹងគ្រោះមហន្តរាយ ក៏ដូចជាចូលរួមអប់រំអនាម័យសុខភាពសហគមន៍ សំខាន់ស្ត្រី និងកុមារ ព្រមទាំងយកចិត្តទុកដាក់ការពង្រីកសមាជិកភាពកាកបាទក្រហមប្រចាំឆ្នាំ និង ការរកមូលនិធិ ក្នុងនោះការដាក់ហិបសប្បុរសធម៌ សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អនុសាខាស្រុកផងដែរ ។ ឯកឧត្តមបណ្ឌិក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមផងដែរថាសមទ្ធិផលជាអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែងដែលកំពុងតែបើកសម្ពោធនាពេលនេះ គឺបានមកពីការឧបត្ថម្ភជាថវិការបស់ឯកឧត្តមបណ្ឌិត នឹងលោកជំទាវដោយផ្ទាល់គឺដើម្បីចូលរួមចំណែកបន្ថែមទៀតលើបុព្វហេតុមនុស្សធម៌ដ៍ឧត្តុងឧត្តមក្នុងអាណត្តិទី៤នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ