កិច្ចប្រជុំពិភាក្សាស្តីពីការសង្កេតការណ៍ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជួបធ្វើការពិភាក្សា ស្តីពីការសង្កតការណ៍ក្នុងសម័យ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦.២០១៧ ជាមួយលោក លី សំរិទ្ធ អភិបាលខេត្តស្តីទី ។

មានប្រសាសន៍នោះឯកឧត្តមឧត្តមសេនីយ៍ឯក នួន បូផល ក៏បានបញ្ជាក់ពីគោលបំណង ក្នុងដំណើរបំពេញ ភារកិច្ចនៅខេត្តសៀមរាប ដោយផ្តោតទៅលើកិច្ចពិភាក្សាជាមួយអាជ្ញាធរខេត្ត​  និង ការជួបប្រជុំជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្ត លើការងារសង្កតការណ៍ក្នុងសម័យ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦.២០១៧នៅថ្ងៃខាងមុខនេះ ។ ក្នុងនោះដែរឯកឧត្តមក៏បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦.២០១៧នេះ ក្រសួងអប់រំយុវជន និង កីឡា ក៏ដូចអង្គភាពប្រឆាំងអំពើពុករលួយ គឺមាន វិធានការតឹងរឹងបំផុត ជាបណ្តាឆ្នាំមុនៗ ដោយយើងមានបទពិសោធន៍ និង ការអនុវត្តកន្លងមកនោះ ឯកឧត្តមក៏បាន លើកនូវនីតិវិធីសំខាន់ៗមួយចំនួន សម្រាប់បេក្ខជនប្រឡងទាំងពីរភេទ រួមទាំងក្រុមអ្នកសង្កេតការណ៍នៅក្នុងពេល ប្រឡង ដើមី្បឲ្យមានស្តង់ដារគុណភាព នៃធនធានមនុស្សនៅកម្ពុជា កាន់តែខ្ពស់ថែមទៀត ។ ឯកឧត្តម នួន បូផល ក៏លើកផងដែរថា នេះជាឆ្នាំទី៤ហើយ ក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ លើការរៀបចំប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៧ខាងមុខនេះ និង រៀបចំប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងអនុវត្តទៅតាមគោលការច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវពីតួនាទី ភារកិច្ចរបស់អ្នកសង្កេតការណ៍ ដែលធ្វើទៅបានតាមព្រំដែនកំណត់នៃ  ភារកិច្ចរបស់ខ្លួន  ហើយបើអ្នកសង្កេតកាណ៍ណា ដែលបានប្រព្រឹត្តខុសទៅនឹងនីតិវិធី ដែលអង្គភាពប្រឆាំងអំពើពុក រលួយ បានធ្វើការហ្វឹកហាត់បង្រៀននោះ គឺត្រូវបញ្ឈប់បុគ្គលរូបនោះនៅក្នុងសម័យប្រឡង ព្រមទាំងប្រឈមទៅនិង មុខច្បាប់ទៀតផង ។  ម៉្យាងទៀតក្រុមអ្នកសង្កេតការណ៍ គឺជាអ្នកឃ្លាំមើលនូវគ្រប់សកម្មភាព របស់បេក្ខជន និង អនុរក្សនៅតាមបន្ទប់នីមួយៗ  តែមិនត្រូវរំខាន ឬ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់បេក្ខជនប្រឡងឡើយ ។ ឯកឧត្តម នួន បូផល ក៏ធើ្វការអំពាវនាវដល់បេក្ខជនទាំងពីរភេទ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង សំខាន់រាល់ឯកសារនានា មិនត្រូវលាក់ទុកជាប់ខ្លួន រួមទាំងឧបករណ៍អេឡិចត្រូនិច ទូរស័ព្ទនោះ  នៅពេលក្រុមអនុរក្ស ឬក្រុមអ្នកសង្កេតការណ៍ រកឃើញនោះ បេក្ខជនរូបនោះបានប្រព្រឹត្តសកម្មភាពផ្ទុយទៅនឹងបទប្បញ្ញត្តិ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំង សូមបំបាត់នូវប្រពៃណីអន្តរាគមន៍ផងដែរ ។

តាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប សយ ទិត្យាវង្ស បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៦.២០១៧នេះ មានសិស្សដាក់ពាក្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួន សរុប ៧ពាន់២៥៨នាក់ ស្រី ៤ពាន់១១នាក់ ដែលមានមណ្ឌលប្រឡង ចំនួន១១មណ្ឌល ក្នុងនោះវិទ្យាសាស្ត្រ ចំនួន ៦មណ្ឌល , វិទ្យាសាស្ត្រសង្គម ៥មណ្ឌល ស្មើ​២៩១បន្ទប់ ។  ក្នុងនោះសិស្សចំណេះទូទៅ ៥ពាន់៥៦២នាក់ ស្រី ៣ពាន់១៦៦នាក់ បេក្ខជនស្វ័យរិន ៧៧៨នាក់ ស្រី៣៩០នាក់ និង បំពេញវិជ្ជា ៩១៨នាក់  ស្រី៤៥៦នាក់ បើប្រៀបធៀបទៅឆ្នាំសិក្សា២០១៥.២០១៦ មានការកើនឡើង ៦,៨៦% ។

ក្នុងនោះដែរលោក លី សំរិទ្ធ ក៏បានធ្វើការថ្លែងអំណរគុណចំពោះ ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដែលតែងរួមសហការល្អជាមួយក្រសួងអប់រំយុវជន និង កីឡា លើការកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាពឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបានបន្តទៀតថា ក្នុងនាមជាអាជ្ញាធរខេត្ត នឹងខិតខំចូលរួមសហការ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើមី្បរក្សាការពារសន្តិសុខ សុវត្ថិភាព និង រក្សាឲ្យខាងតែបាននូវសេចក្តីថ្លៃថ្នូរ នៅក្នុងសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៦.២០១៧ ដើមី្បទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ៕ អត្ថបទ ម៉ី សុខារិទ្ធ

67 68 69 70 71 72