ពិធីបូជាសពឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករជើងចាស់ដ៏ឆ្នើម ល្បីល្បាញបំផុតរបស់កម្ពុជា


ខេត្តសៀមរាប ៖ ឆ្លងតាមការរៀបចំធ្វើពិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈពេល៣ថ្ងៃមក នៅរសៀល ថ្ងៃ១១កើត ខែអស្សុជ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ អាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧ សពឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបត្យករខ្មែរដ៏ ចំណាន ត្រូវបានក្រុមគ្រួសារនៃសព ដង្ហែរចេញពីគេហដ្ឋាន ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្ត សៀមរាប ឆ្ពោះទៅកាន់ មេរុ នៅវត្តព្រះឥន្ធកោសីយ៍ ដើមី្បរៀបចំគោរពពិធីបូជាសពទៅតាមប្រពៃណី សាសនា ។

ក្នុងពិធីបូជាសពឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ  ត្រូវបានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង លោកជំទាវ ។ ក្នុងនោះដែរក៏មានវត្តមាននិមន្ត និង អញ្ជើញចូលរួមពីព្រះមហាវិមលធម្ម ពិន សែន រាជាគណៈថ្នាក់ ទោ និង ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះមុនីកោសល ឃឹម សន រាជា គណៈថ្នាក់ទោ ព្រះមេគណរាជធានីភ្នំពេញ និង លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរអប្សរា ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ ព្រមទាំងបងប្អូនញ្ញាតមិត្តនៃសពផងដែរ ។

ក្នុងការអាននូវវិយោគថា អំពីជីវប្រវត្តិរបស់ឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ថា  ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ១៩២៦ នៅរាម ខេត្តកំពត ដែលមានបិតានាម អ៊ុក វណ្ណ  មាតានាម គាំ ពាក ដែលមានស្រុកកំណើតនៅឃុំព្រៃព្រីង ស្រុកភ្នំពេញ ខេត្តកណ្តាល ជាមន្ត្រីខាងសន្តិសុខ នៃរដ្ឋបាលអាណា និគមបារាំង ហើយឯកឧត្តម វណ្ណ ម៉ូលីវណ្ណ មានបងប្អូន៣នាក់ ស្រីមួយ ឯកឧត្តមជាកូនទី២ ។ ក្រោយពីការបញ្ចប់ ការសិក្សា និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ បានរៀបចំគ្រួសារជាមួយ លោកជំទាវ អំប្យែ ហ្សេទ្រូដ មានដើមកំណើតនៅប្រទេសស្វ៊ីស ហើយបានបង្កើតនូវចំណងដៃនៃក្រុមគ្រួសារមានបុត្រា បុត្រី០៦រូប ប្រុស៣ ស្រី៣ ។ ដោយឯកឧត្តមបានកសាងនូវសមទ្ធិផលស្នាដៃធំៗជាច្រើនសម្រាប់មាតុភូមិរបស់ខ្លួន  ហើយក៏ បានទទួលនូវគ្រឿងឥស្សរិយ យស ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង រាជរដ្ឋាភិបាល ព្រមទាំងពីបរទេស ទៀតផង ។ ក្នុងវិយោគថានោះដែរ ក៏បានគូសបញ្ជាក់ថា ឯកឧត្តមបានចំណាយ ពេលស្ទើរមួយជីវិតរបស់លោក ដើមី្បបម្រើបុព្វហេតុ ការថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ និង ថែរក្សាអត្ត- សញ្ញាណវប្បធម៌ជាតិឲ្យបានគង់វង្ស ។ កត្តាសំខាន់នោះ លើសកម្មភាពផ្នែកស្ថាបត្យកម្ម និង សំណង់ តែងតែផ្សា ភ្ជាប់ទៅនឹងសិល្បះស្ថាបត្យកម្មខ្មែរ ដែលមានតាំងពីសម័យបុរេប្រវត្តិមក ។ ឯកឧត្តមដោយបានដឹងច្បាប់អំពីដំណើរ នៃជីវិតរបស់ឯកឧត្តម បានសូមឲ្យបងប្អូនញ្ញាតិមិត្ត នៅពេលដែលរូបលោកផុតរលត់ពីភពផែនដី សូមរៀបចំបុណ្យ ឈាបនកិច្ចសព ទៅតាមប្រពៃណីខ្មែរ នឹង ធ្វើការបូជាសពលោកនៅវត្តព្រះឥន្ធកោសីយ៍ ដោយយកធាតុតម្កល់ ក្នុង ចេតីយ៍ប្រចាំគ្រួសារនៅវត្តព្រះឥន្ធកោសីយ៍ និង យកធាតុមួយចំណែកទៅបាចចូលទៅទក្សិណខាងកើតប្រាសាទ អង្គរវត្ត ។

បន្ទាប់ពីការធ្វើការស្មឹងស្មាតគោរពវិញ្ញាណក្ខ័ន្តជាកិច្ចចុងក្រោយ និងការដាក់ថ្វាយឧទ្ទិសជូនដល់វិញ្ញាណ ក្ខ័ន្តរបស់ឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ  រួចមកព្រះមហាវិមលធម្ម ពិន សែន រាជាគណៈថ្នាក់ទោ និង ព្រះមុនី កោសល ឃឹម សន រាជា គណៈថ្នាក់ទោ ព្រះមេគណរាជធានីភ្នំពេញ បានប្រទានភ្លើងរួចមក សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជូនភ្លើង បូជ្ញាសពឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែល ជា ស្ថាបត្យករខ្មែរដ៏ចំណាន  និង សូមឧទ្ទិសដល់ដូងវិញ្ញាណក្ខ័ន្តសពឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ មិនគ្រាន់តែជាការបាត់បង់ស្វាមីប្រកបដោយគុណធម៌ និង ឪពុកប្រកប ដោយព្រហ្មវិហារធម៌មួយរូបប៉ុណ្ណោះទេ  ជាការបាត់បង់បញ្ញវន្ត អ្នកទ្រទ្រង់វប្បធម៌ដ៏ល្បីល្បាញ និង ជាវីរស្ថាបត្យករ ដ៏ឆ្នើមរបស់ជាតិខ្មែរមួយរូប ដែលទទួលបាននូវការគោរពកោតសរសើរ ទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ ។  ការទទួលអនិធម្មរបស់ឯកឧត្តម គឺត្រូវបានឃ្លាតចាកឆ្ងាយពីយើងគ្រប់គ្នា គ្មានថ្ងៃវិលត្រឡប់ឡើយ ពីភរិយា កូនចៅ រួមទាំងសហសេវិក ជាសិស្សគណ ក៏ពិតមែន ប៉ុន្តែគុណធម៌ កេរ្តិ៍ឈ្មោះ កិត្តិនាម របស់ឯកឧត្តម គឺស្ថិតនៅជាប់ ជានិច្ច ក្នុងប្រវត្តិសាស្ត្រ និង កេរ្តិ៍ដំណែល ស្នាដៃ បទនិពន្ធ របស់ឯកឧត្តម សម្រាប់ កូនខ្មែរគ្រប់ជំនាន់ បានសិក្សា រៀនសូត្រតាមផងដែរ ។

បន្ទាប់ពីការបូជាសពឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានរួចរាល់ ក៏មានធ្វើការថ្លែងអំណរគុណពីតំណាង នៃគ្រួសារសព បានធ្វើការសម្តែងនូវកត្តញ្ញុធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រសួងព្រះបរមរាជវាំង សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង ប្រជា ពលរដ្ឋ ដែលបានចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព និងបានយកចិត្តទុកដាក់គោរព និង រៀបចំបុណ្យសព ឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ប្រកបទៅដោយភាពអធិកអាធមបំផុត ដែលបានប្រព្រឹត្តទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និង ប្រពៃណីជាតិយើង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2698 2699 2700 2701 2702 2703 2704 2705 2706 2707 2708 2709 2710 2711 2712 2713 2714 2715 2716 2717 2718 2719 2720 2721 2722 2723 2724 2725 2726 2727 2728 2729 2730 2731